(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណ លោក មូន ចេ អ៉ីន ប្រធានាធិបតីកូរ៉េខាងត្បូង ដែលបានផ្ញើសាររំលែកទុក្ខ ចំពោះមរណភាពរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាម្តាយក្មេកសម្តេច។
សារលខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើទៅកាន់លោក មូន ចេអ៊ីន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែឧសភានេះ បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំ និងភរិយា សូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្ត ចំពោះឯកឧត្តម ដែលបានផ្ញើសាររំលែកទុក្ខ ដល់ក្រុមគ្រួសាររបស់ខ្ញុំ ក្នុងឱកាសមាតាក្មេកជាទីស្រឡាញ់របស់ខ្ញុំ បានទទួលអនិច្ចកម្មកាលពីព្រឹកព្រលឹមថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២០។
ការសំដែងនូវសមានចិត្តអាណិតអាសូរបស់ឯកឧត្តម បានជួយសម្រាលទុក្ខដល់រូបខ្ញុំ ភរិយារបស់ខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ ក្នុងគ្រាដែលយើងទាំងអស់គ្នា កំពុងតែសោកសង្រេងឥតឧបមា ចំពោះការបាត់បង់ដ៏ធំធេងនេះ»។
សូមជម្រាបថា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតា មាតាក្មេក ជីដូន បានទទួលមរណភាពនាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង២និង១២នាទី ទៀបភ្លឺ ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ៕