(ភ្នំពេញ)៖ លោក Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរី បានផ្ញើលិខិតជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមគ្រួសារ ចំពោះមរណភាព អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ម្តាយក្មេករបស់សម្តេចតេជោ។
តាមលិខិតរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី ដែលបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំ និងភរិយាមានទុក្ខក្រៀមក្រំ ដោយបានទទួលព័ត៌មានអំពីមរណភាពនៃមាតាក្មេក ជាទីស្រឡាញ់របស់សម្ដេច កាលពីថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២០។ ខ្ញុំបានដឹងថា សម្ដេចមានភាពជិតស្និទ្ធជាមួយម្ដាយក្មេក ហើយមានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំង ចំពោះការបាត់បង់រូបគាត់។ សូមសម្ដេចតេជោ និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ទទួលនូវការចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅពីយើងខ្ញុំ។ មនោសញ្ចេតនារបស់យើងខ្ញុំ ស្ថិតនៅជាមួយសម្ដេច និងក្រុមគ្រួសាររបស់សម្ដេច ក្នុងគ្រាដ៏លំបាកនេះ»។
សូមជម្រាបថា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតា មាតាក្មេក ជីដូន បានទទួលមរណភាពនាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង២និង១២នាទី ទៀបភ្លឺ ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ៕