(ភ្នំពេញ)៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានផ្ញើលិខិតជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមគ្រួសារ ចំពោះមរណភាព អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ម្តាយក្មេករបស់សម្តេចតេជោ។
តាមលិខិតរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងខ្ញុំមានអារម្មណ៍ក្តុកក្តួលឈឺចាប់ជាខ្លាំង ពេលទទួលដំណឹងពីមរណភាពរបស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញណ វិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជា មាតាបង្កើតសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងជាម្ដាយក្មេករបស់សម្ដេចតេជោ ហ៊ុន សែន។
ខ្ញុំសូមតំណាងឱ្យស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត គោរពជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញណវិវឌ្ឍនា ប៊ុន ស៊ាងលី បានប្រកាន់ខ្ជាប់ក្នុងសេចក្ដីស្អាត វិសេសហ្មត់ហ្ម ឥតមន្ទិល សេចក្ដីបរិសុទ្ធក្នុងព្រះធម៌ បូជា ចំពោះព្រះពុទ្ធសាសនា បានបរិច្ចាគកម្លាំងកាយចិត្ត និងទ្រព្យធនប្រកបដោយសទ្ធាជ្រះថ្លាដ៏ជ្រាលជ្រៅបំផុត បូជាចំពោះសង្គមជាតិ និងបានជួយកសាងសមិទ្ធផលនានា ជួយឧបត្ថម្ភដល់ជនក្រីក្រគ្មានទីពឹងទាំងឡាយ ប្រកបដោយមហាសប្បុរសធម៌ មនុស្សធម៌ឧត្តុង្គឧត្តមនៅ ទូទាំងព្រះរាជាណាចក្រកម្ពុជា។
ការទទួលមរណភាពរបស់ អ្នកឧកញ៉ា មហាឧបាសិកា ប៊ុន ស៊ាងលី គឺជាការខាតបង់យ៉ាងធំធេងរបស់ប្រជាជនកម្ពុជា។ យើងខ្ញុំនឹងចងចាំ អ្នកឧកញ៉ា ជារៀងរហូត។ សូមអ្នកឧកញ៉ា មហាឧបាសិកាធម្មញ្ញណវិវឌ្ឍនា ប៊ុន ស៊ាងលី បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»។
សូមជម្រាបថា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតា មាតាក្មេក ជីដូន បានទទួលមរណភាពនាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង២និង១២នាទី ទៀបភ្លឺ ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ៕