(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំអន្ដរក្រសួងពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។
កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមវត្តមានលោកស្រី ចាន់ សុទ្ធាវី រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររៀបចំតាក់តែង សេចក្តីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដោយមានការចូលរួមពីសំណាក់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារទី១, លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារទី២ និងលោក ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារទី៣ សមាជិក សមាជិកាក្រុមការងារ អ្នកជំនាញផ្នែកច្បាប់ ព្រមទាំង មន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ នៅទីស្ដីការក្រសួងមហាផ្ទៃ។
ច្បាប់នេះមានគោលបំណង ដូចខាងក្រោម៖
*ទី១៖ ធានាឱ្យមានការចុះបញ្ជីអត្រានុកូលដ្ឋាន ជាកាតព្វកិច្ច ជាសកលដោយជាប់លាប់ និងជាអចិន្ដ្រៃយ៍។
*ទី២៖ ធានាឱ្យមានការចុះបញ្ជីអត្តសញ្ញាណបុគ្គល ជាសកលដោយជាប់លាប់ និងជាអចិន្ដ្រៃយ៍។
*ទី៣៖ ធានាថា ការចុះបញ្ជីស្នាក់នៅជាកាតព្វកិច្ច ជាសកលដោយជាប់លាប់ និងជាអចិន្ដ្រៃយ៍។
*ទី៤៖ ធានាឱ្យមនុស្សគ្រប់រូបមានអត្តសញ្ញាណខាងផ្លូវច្បាប់ តាមរយៈការចុះបញ្ជីអត្រានុកូលដ្ឋាន និងការចុះបញ្ជីអត្តសញ្ញាណ ដោយផ្ដល់ចំពោះបុគ្គលម្នាក់ៗ នូវលេខសម្គាល់អត្តសញ្ញាណបុគ្គល។
និងទី៥៖ ធានានូវការគោរពសិទ្ធិមនុស្ស ការទទួលបានសេវាគ្រប់ប្រភេទ ហើយជាមូលដ្ឋានសម្រាប់រៀបចំផែនការអភិវឌ្ឍន៍ និងការតាមដានភាពរីកចម្រើននៃសង្គម។
ជាងនេះទៅទៀត ច្បាប់នេះមានវិសាលាភាព អនុវត្តចំពោះជនគ្រប់រូបដែលនៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ដែលរស់នៅឯបរទេស៕