(ភ្នំពេញ)៖ លោក ឌីមីទ្រីយ ស្វេត្កូហ្វ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា បានផ្ញើលិខិតជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមគ្រួសារ ចំពោះមរណភាព អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ម្តាយក្មេករបស់សម្តេចតេជោ។
តាមលិខិតរបស់ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្លួនខ្ញុំផ្ទាល់ និងមន្ត្រីទាំងអស់នៃស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា មានក្ដីរន្ធត់យ៉ាងខ្លាំង ដោយបានទទួលដំណឹងថា អ្នកឧញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាក្មេករបស់សម្ដេច បានទទួលមរណភាពនា ថ្ងៃចន្ទ ទី៤ ខែឧសភា ឆ្នាំ ២០២០ ដោយជរាពាធ។
យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកនូវមរណទុក្ខជាមួយសម្ដេចតេជោ និងក្រុមគ្រួសារ ដោយសេចក្ដីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងសុំឱ្យវិញ្ញាណក្ខន្ធរបស់អ្នក ឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ សូមសម្ដេចតេជោ និងក្រុមគ្រួសារ ទទួលនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ពីយើងខ្ញុំទាំងអស់គ្នា»។
សូមជម្រាបថា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតា មាតាក្មេក ជីដូន បានទទួលមរណភាពនាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង២និង១២នាទី ទៀបភ្លឺ ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ៕