(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានរំលឹកនូវការចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត ប្រជាជនរស់នៅក្នុងភាពឈឺចាប់ខ្លោចផ្សារ គ្មានអាហារហូបចុកគ្រប់គ្រាន់ គ្មានទឹកស្អាតប្រើប្រាស់ គ្មានសុវត្ថិភាព គ្មានវត្តអារាម គ្មានសាលារៀន គ្មានមន្ទីរពេទ្យល្អៗ ដែលបានធ្វើឱ្យជីវិតរស់នៅ របស់ប្រជាពលរដ្ឋ ជួបការលំបាកសព្វបែបយ៉ាង។
ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ គឺការរំលឹកទិវាជាតិនៃការចងចាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត បានអំពាវនាវជាថ្មី ដល់បងប្អូនជូនរួមជាតិទាំងអស់ ត្រូវការពារសន្តិភាព ដែលរកបានដោយលំបាក ឱ្យបានគង់វង្ស កុំឱ្យរបបដ៏ឃោរឃៅ និងខ្មៅងងឹតនេះ ត្រឡប់មកទឹកដីកម្ពុជាវិញឱ្យសោះ។ នៅថ្ងៃនេះ គឺជាថ្ងៃទិវាជាតិនៃការចងចាំ ជាថ្ងៃដែលជនរួមជាតិគ្រប់រូបចងចាំមិនអាចបំភ្លេចបាន នៃរបបប្រល័យពូជសាសន៍ប៉ុលពត ដែលបានសម្លាប់ពលរដ្ឋជាង ៣លាននាក់។
សម្តេចពិជ័យសេនា ទៀ បាញ់ បានសរសេរនៅលើទំព័រ Facebook ផ្លូវការនៅថ្ងៃនេះយ៉ាងដូច្នេះថា៖ «ថ្ងៃនេះ ជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗ រូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ - ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត។ យើងគ្មានអាហារហូបចុកគ្រប់គ្រាន់ គ្មានទឹកស្អាតប្រើប្រាស់ គ្មានជម្រកស្នាក់នៅសមរម្យ គ្មានប្រព័ន្ធផ្លូវថ្នល់ គ្មានមធ្យោបាយសម្រាប់ធ្វើដំណើរ គ្មានសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម គ្មានវត្តអារាម គ្មានសាលារៀន គ្មានផ្សារទំនើប គ្មានមន្ទីរពេទ្យល្អៗ ដែលបានធ្វើឱ្យជីវិតរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ជួបការលំបាកសព្វបែបយ៉ាង»។
«តែពេលនេះ ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យើងរក្សាបាននូវសន្តិភាព និងស្ថិរភាពនយោបាយ និងបានកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លា។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង ៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។
អគុណ សន្តិភាព!»។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ នៅថ្ងៃទី២០ ខែឧសភា គណបក្សប្រជាជនកម្ពុជា តែងតែធ្វើពិធីរំលឹកវិញ្ញាណក្ខន្ធប្រជាជនកម្ពុជា ដែលបានស្លាប់ដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាពិសេស គឺជាការធ្វើបុណ្យដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់អ្នកដែលបានស្លាប់បាត់បង់ជីវិតទាំងនោះផងដែរ។ ប៉ុន្តែដោយសារ បញ្ហារាតត្បាតនៃជំងឺកូវីដ១៩ (COVID-19) នៅឆ្នាំ២០២០នេះពិធីនេះ ត្រូវបានផ្អាករៀបចំ៕