(ភ្នំពេញ)៖ ខេត្តប៉ៃលិន ជាខេត្តមួយដែលមានប្រវត្តិបត់បែន នៃការគ្រប់គ្រងរដ្ឋបាល និងជាខេត្តស្ថិតក្នុងចំណាប់អារម្មណ៍ប្រវត្តិសាស្ត្រ នៃកម្ពុជា ក្នុងនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាបិតាសន្តិភាព និងឯកភាពទឹកដីជាតិខ្មែរតែមួយគត់ ក្រោយសម័យអង្គរ។
អី្វដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺមនុស្សជំនាន់សមាហរណកម្ម ដែលនៅរស់រានមានជីវិតមិននឹកស្មានថា តំបន់ប៉ៃលិន ដែលមានតែផេះផង់ និងសោកនាដកម្ម បានប្រែក្លាយជាទីក្រុងមានភាពស៊ីវិល័យហួសពីក្តីសុបិន្ត ហើយយុវជនជំនាន់ថ្មី ដែលបានកើតក្រោយសមាហរណកម្ម ពេលឃើញរូបភាព តំបន់ប៉ៃលិន នាសម័យសង្គ្រាមហួសចិត្តមិននឹកស្មានដល់ថា ឪពុកម្តាយរបស់ខ្លួនរស់ក្នុងភាពលំបាកតោកយ៉ាក និងភ័យខ្លាចយ៉ាងក្រៃលែង ក្នុងតំបន់ប៉ៃលិនដ៏សែនអភ័ព្វបែបនេះ។
តាមរយៈសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅបន្ដរបស់រដ្ឋបាលខេត្តប៉ៃលិន» ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ លោក ធូ ភា អភិបាលរង តំណាងលោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានលើកឡើងបង្ហាញនូវអ្វីដែលជាសមិទ្ធផល និងទិសដៅបន្ដរបស់រដ្ឋបាលខេត្តមួយនេះផងដែរ។
សម្រាប់វិស័យអប់រំ លោក ធូ ភា បានបញ្ជាក់ថា បច្ចុប្បន្នខេត្តមានសាលាចាប់ពីមតេ្តយ្យសិក្សា រហូតដល់វិទ្យាល័យ ចំនួន១១២សាលា ក្នុងនោះមានអាគារសិក្សា ចំនួន១៣៤ខ្នង ស្មើនឹង៧៧២បន្ទប់ ក្នុងចំណោមអាគារទំាងនោះ មានអាគារចំនួន៤៥ខ្នង ស្មើនឹង១៦៨បន្ទប់ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ការកសាងផ្លូវគមនាគមន៍ បច្ចុប្បន្នផ្លូវលេខជាតិលេខ៥៧ ជាផ្លូវកៅស៊ូល្អស្អាត ហើយមិនត្រឹមតែប៉ុណ្ណោះ ផ្លូវគមនាគមន៍នៅក្នុងខេត្ត ត្រូវបានកសាងជា ផ្លូវខ្វាត់ខ្វែង ក្នុងនោះផ្លូវកៅស៊ូ DBST មានប្រវែង១១០,១៥៤គីឡូម៉ែត្រ ផ្លូវអ៊ុតកៅស៊ូ AC ប្រវែង២,៤៥០គីឡូម៉ែត្រ ផ្លូវបេតុង ១២,២៤៥គីឡូម៉ែត្រ ផ្លូវគ្រួសល្បាយថ្មភ្នំប្រវែង ៣៤១,១៦១គីឡូម៉ែត្រ អមទៅដោយសំណង់សិល្បៈការ។
ក្នុងនោះឆ្នាំ២០១៩ និងដើមឆ្នាំ២០២០ ខេត្តបានពង្រីកផ្លូវឲ្យកាន់តែធំក្រាលកៅស៊ូ DBST ចំនួន០៤ខ្សែ និងផ្លូវអ៊ុតកៅស៊ូ AC ចំនួន០៣ខ្សែ ព្រមទាំងបានកសាងឡើងវិញ នូវសួនច្បារមុខសាលាខេត្ត រៀបចំដាក់បង្គោលភ្លើងបំភ្លឺផ្លូវ ឲ្យកាន់តែទំនើបស៊ីវិល័យ និងមានសោភ័ណ្ឌភាព ស្របតាមផែនការអភិវឌ្ឍ ៥ឆ្នាំ និងផែនការវិនិយោគបីឆ្នាំរំកិលរបស់ រដ្ឋបាលខេត្ត ដែលបានអនុម័តដោយក្រុមប្រឹក្សា។
ដោយឡែក អំពីការពង្រីកវិស័យកសិកម្ម និងវិស័យពាណិជ្ជកម្ម ត្រូវបានលោកអភិបាលរង បញ្ជាក់ថា ផ្ទៃដីដាំដុះកសិកម្ម ខេត្តប៉ៃលិន ក្នុងឆ្នាំ២០១៩ អនុវត្តបានចំនួន៧៧,៣៨៣ហិកតា ទទួលបានបរិមាណសរុប ១,០១៤,៨៩៦តោន ក្នុងនោះស្រូវប្រាំង និងវស្សាចំនួន ៨,៦០០ហិកតា ដំណាំរួមផ្សំ៥៦,៥១៥ហិកតា ដំណាំហូបផ្លែ ១០,២២៧ហិកតា ដំណាំឧស្សាហកម្ម ២,០៤១ហិកតា។
បច្ចុប្បន្នខេត្តប៉ៃលិន មានដំណាំ០៤ប្រភេទ ដែលបានដើរតួយ៉ាងសំខាន់គឺ មៀនប៉ៃលិន (តាង៉ែន) មានចំនួន៤,៣៨៣ហិកតា ស្វាយកែវល្មៀត ៥,៥៦៥ហិកតា ដំណាំដំឡូងមី ៤២,១១០ហិកតា និងពោតក្រហម ៧,៧១៦ហិកតា ព្រមទាំងដំណាំផ្សេងៗទៀត ជាមួយនឹងការពង្រីកបន្ថែមការចិញ្ចឹមសត្វគោ ជ្រូក មាន់ ទា កង្កែប។ល។
ក្រៅអំពីការខិតខំប្រឹងប្រែងកសាងហេដ្ឋា រចនាសម្ព័ន្ធរូបវ័ន្តនានា ដើម្បីបម្រើដល់ការរស់នៅរបស់ប្រជាពលរដ្ឋ រដ្ឋបាលខេត្ត បានខិតខំយកចិត្តទុកដាក់ អនុវត្តតាមវិធានគតិយុត្តនានាជាធរមាន ដោយបន់បែនទៅតាមស្ថានភាពការងារ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងការបម្រើសេវាប្រកបដោយ គុណភាព គុណធម៌ ដោយទាក់ទាញបាននូវជំនឿទុកចិត្តយ៉ាងមុតមាំ របស់ប្រជាពលរដ្ឋស្ទើរលើគ្រប់សេវា ដូចជាសេវាអប់រំ សេវាសុខាភិបាល សេវាអត្តសញ្ញាណកម្ម។
មកដល់បច្ចុប្បន្ននេះ ប្រជាពលរដ្ឋស្ទើរគ្រប់ក្រុមគ្រួសារ សុទ្ធតែមានសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជាក់ស្តែងប្រជាពលរដ្ឋអាយុ១៥ឆ្នាំឡើង ចំនួន ៥០,៦៩៩នាក់ បានបញ្ចូលទិន្នន័យចំនួន ៤៩,៨៦៧នាក់ និងបានផ្តល់អត្តសញ្ញាណប័ណ្ណចំនួន ៤៨,៩២៨នាក់ ក្នុងនោះយុវជនដែលគ្រប់អាយុ ១៥ឆ្នាំ ក្នុងឆ្នាំ២០២០ ដែលយើងត្រូវផ្តល់បន្តចំនួន៨០២នាក់។
ក្រៅពីសេវានានាខាងលើ រដ្ឋបាលខេត្ត បានពង្រីកការបម្រើសេវាផ្សេងៗទៀត តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងវិស័យនានាផងដែរ តាមរយៈច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក ដោយបច្ចុប្បន្ននេះ រដ្ឋបាលក្រុង ស្រុក កំពុងដំណើរការក្នុងរចនាសម្ព័ន្ធថ្មី ដែលមាន១២ការិយាល័យ និង០១អង្គភាព ហើយតួនាទី ភារកិច្ច ក៏មានវិសាលភាពធំជាងមុនតាមការធ្វើប្រតិភូកម្មអំណាចពីក្រសួង ស្ថាប័ននានារបស់រាជរដ្ឋាភិបាល៕