(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណ លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ដែលបានផ្ញើសាររំលែកទុក្ខ ចំពោះមរណភាពរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ម្តាយក្មេករបស់សម្តេច។
សារលខិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែឧសភានេះ បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមានចិត្តដ៏ប្រពៃរបស់ឯកឧត្តម ដែលបានផ្ញើសាររំលែកទុក្ខ ដល់ក្រុមគ្រួសាររបស់ខ្ញុំ ក្នុងឱកាសមាតាក្មេកជាទីស្រឡាញ់របស់ខ្ញុំ បានទទួលអនិច្ចកម្ម កាលពីព្រឹកព្រលឹមថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២០ កន្លងមកនេះ។
ខ្ញុំ ព្រមទាំងភរិយា មានក្តីរំភើបណាស់ ចំពោះសមានចិត្តដ៏ប្រពៃរបស់ឯកឧត្តម ដែលបានចូលរួមមរណទុក្ខ ជាមួយនឹងក្រុមគ្រួសាររបស់ខ្ញុំ ក្នុងគ្រាដែលយើងទាំងអស់គ្នា កំពុងតែសោកសង្រេងឥតឧប្បមា ដោយសារការបាត់បង់ដ៏ធំធេងនេះ»។
សូមជម្រាបថា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតា មាតាក្មេក ជីដូន បានទទួលមរណភាពនាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង២និង១២នាទី ទៀបភ្លឺ ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ៕