(ភ្នំពេញ)៖ រយៈពេល២សប្ដាហ៍ដើមខែឧសភា ឆ្នាំ២០២០នេះ ចលនាទេសចរក្នុងស្រុកបានបន្តកើនឡើងបណ្ដើរៗវិញហើយ ជាក់ស្ដែងចាប់ពីថ្ងៃទី០៤-១៧ ខែឧសភា ភ្ញៀវទេសចរប្រមាណជាង ២៥ ម៉ឺននាក់បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេស ដែលមានការកើនឡើងជិត ៤៧% បើធៀបនឹងពីរសប្តាហ៍ចុងខែមុន។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់ប្រាប់ Fresh News នាថ្ងៃទី២០ ខែឧសភានេះ។
លោករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «សម្រាប់រយៈពេលចាប់ពីថ្ងៃទី០៤-១៧ ខែឧសភា ឆ្នាំ២០២០ ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស បានបន្តកើនឡើងគួរឲ្យកត់សម្គាល់ ដោយមានចំនួនសរុបប្រមាណ ២៥៦,៥៤១នាក់កើនឡើង ៤៦.៧៦ភាគរយធៀបនឹងពីរសប្តាហ៍នៃចុងខែមេសាកន្លងមក»។
លោករដ្ឋមន្ត្រីបានបន្តថា ចំណោមភ្ញៀវទេសចរសរុបជាង ២៥ម៉ឺននាក់នោះ មានភ្ញៀវជាតិមានប្រមាណ ២៥៣,២៥៦ នាក់កើនឡើង ៤៦.៦៤ ភាគរយ និងភ្ញៀវបរទេសមានប្រមាណ ៤,២៨៥ នាក់កើនឡើង ៧.៤៧ ភាគរយ។
លោករដ្ឋមន្ត្រី ថោង ខុន បានបង្ហាញការកត់សម្គាល់ថា ប្រជាពលរដ្ឋ និងទេសចរបរទេសផ្ទៃក្នុង ភាគច្រើនបានធ្វើដំណើរទៅកាន់តំបន់អេកូទេសចរណ៍នាភូមិភាគឦសាន ភាគនិរតី និងតំបន់ឆ្នេរ ពិសេសក្រុងព្រះសីហនុ ខេត្តកំពត និងខេត្តកែប។
លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ចំពោះមុខនៃការកើនឡើងចលនាទេសចរផ្ទៃក្នុងនេះ ក្រសួងទេសចរណ៍បានសហការជាមួយវិស័យឯកជនរៀបចំនូវវិធានការ (ស្ដង់ដាពិសេស) សម្រាប់សុវត្ថិភាពទេសចរណ៍ ក្នុងនោះរួមមានក្រមប្រត្តិបត្តិ គោលការណ៍ណែនាំចាំបាច់មួយចំនួនបន្ថែមពីលើវិធានការសុវត្ថិភាព និងអនាម័យដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ជាពិសេសការលក្ខខណ្ឌតម្រូវចាំបាច់មួយចំនួន ចំពោះបុគ្គលិក ភ្ញៀវទេសចរ និងដៃគូសហប្រតិបត្តិការតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន ដែលនឹងបញ្ចប់ក្នុងសប្តាហ៍ក្រោយនេះ៕