(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណ លោក Bounnhang VORACHIT អគ្គលេខាធិការគណបក្សប្រជាជនបដិវត្ដន៍ឡាវ ដែលបានផ្ញើសាររំលែកទុក្ខ ចំពោះមរណភាពរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ម្តាយក្មេករបស់សម្តេច។
សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែឧសភានេះ បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំបានទទួលរួចហើយ និងសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅនូវសាររំលែកទុក្ខរបស់ ឯកឧត្តមដែលបានផ្ញើជូនខ្ញុំ និងគ្រួសាររបស់ខ្ញុំ ចំពោះមរណភាពម្ដាយក្មេកខ្ញុំ។
ពាក្យពេចន៍ប្រកបដោយការអាណិតអាសូរ អស់ពីបេះដូងរបស់ឯកឧត្តម គឺជាការលួង លោមចិត្តយ៉ាងជ្រាលជ្រៅសម្រាប់ខ្ញុំ និងគ្រួសារខ្ញុំក្នុងគ្រាដ៏ក្រៀមក្រំនេះ។
ខ្ញុំសូមឯកឧត្តមមេត្តា ទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ និងសូមជូនពរឯកឧត្តម មានសុខភាពល្អ និងទទួលបានជោគជ័យ កាន់តែធំធេងក្នុងកិច្ចការរបស់ឯកឧត្តម»។
សូមជម្រាបថា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតា មាតាក្មេក ជីដូន បានទទួលមរណភាពនាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង២និង១២នាទី ទៀបភ្លឺ ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ៕