(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណ ប្រធាន និងអគ្គលេខាធិការអង្គការប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ ដែលបានផ្ញើសាររំលែកទុក្ខ ចំពោះមរណភាពរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ម្តាយក្មេករបស់សម្តេច។
សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែឧសភានេះ បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំបានទទួលរួចហើយ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម ដែលបានផ្ញើសារលិខិត រំលែកមរណទុក្ខដល់រូបខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ ចំពោះមរណភាពរបស់ម្ដាយក្មេកខ្ញុំ។
ការសម្ដែងនូវទឹកចិត្តសប្បុរស និងសមានចិត្តស្មោះស្ម័គ្រនេះ ពិតជាមានអត្ថន័យធំធេងណាស់ចំពោះរូបខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំក្នុងពេលដ៏ក្រៀមក្រំនេះ។
ខ្ញុំសូមជូនពរ ឯកឧត្តម និងហការីទាំងអស់ នៅក្នុងក្រុមគ្រួសារ CD-IDC មានសុខភាពល្អ និងសុភមង្គល ជាពិសេសក្នុងអំឡុងពេលដែលពិភពលោក កំពុងតែប្រឈមនឹងការរាតត្បាតជំងឺកូវីដ-១៩។ សូម ឯកឧត្តម ទទួលនូវសេចក្ដីរាប់អានដ៏ស្មោះស្ម័គ្រអំពីខ្ញុំ»។
សូមជម្រាបថា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតា មាតាក្មេក ជីដូន បានទទួលមរណភាពនាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង២និង១២នាទី ទៀបភ្លឺ ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ៕