(ភ្នំពេញ)៖ រយៈពេល២០ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យ តាមអនុក្រឹត្យលេខ៣៩ ពោលគឺថ្ងៃទី០១-២០ ខែឧសភា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យយានយន្ត ៣០៦៥៨គ្រឿង ក្នុងនោះម៉ូតូ ២២៥៦០គ្រឿង និងរថយន្ត ៨០៩៨គ្រឿង។ នេះបើតាមការបញ្ជាក់របស់ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់បណ្តាញព័ត៌មាន Fresh News។
បើតាមលោកឧត្តមសេនីយ៍ឯក, នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ បានត្រួតពិនិត្យ និងផាកពិន័យ យានយន្តចំនួន ១៣៥២គ្រឿង ក្នុងនោះមាន ម៉ូតូ ៩៨១គ្រឿង (ភាគច្រើននៃបទល្មើសគឺអត់មួក ភ្លើងសញ្ញា ប្រើប្រាស់ទូរស័ព្ទ ស្រវឹង) និងរថយន្ត ៣៧១គ្រឿង ហើយភាគច្រើននៃបទល្មើស គឺលើសល្បឿន អត់ខ្សែក្រវាត់ និងស្រវឹងជាដើម។
ដោយឡែក ពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះវិញ គឺមានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៧លើក ក្នុងនោះស្លាប់៤នាក់ របួស ១១នាក់ ដែលក្នុងនោះរបួសធ្ងន់ ៨នាក់។ នេះបើតាមអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោកបានបន្តថា រយៈពេល២០ថ្ងៃនេះ ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ។ លោកបានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិ ដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ រយៈពេលកន្លងមកនេះ៕