(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០ កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញចុះត្រួតពិនិត្យនៃការអនុវត្តផ្ទាល់ ពីដំណើរការ នៃការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ១៩ នៅឃុំចំនួន៣ នៃស្រុកគងពិសី ខេត្តកំពង់ស្ពឺ រួមមាន៖ ឃុំព្រៃញាតិ, ឃុំទឹកល្អក់ និងឃុំស្រង់។
ក្នុងដំណើរការចុះត្រួតពិនិត្យផ្ទាល់នេះ មានការអញ្ជើញចូលរួមអមដំណើរពីលោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកផែនការ, តំណាងអាជ្ញាធរខេត្ត, លោកអភិបាលស្រុក, អាជ្ញាធរមូលដ្ឋាន រួមនឹងមន្ត្រីជំនាញពាក់ព័ន្ធ។
ក្នុងឱកាសនេះ កិត្តិសេដ្ឋាបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់លោកអភិបាលស្រុក អាជ្ញាធរមូលដ្ឋាននៃស្រុកគងពិសី ដែលបានរៀបចំដំណើរការយន្តការនៃការអនុវត្ត ការងារនេះបានយ៉ាងល្អ មានការយកចិត្តទុកដាក់ខ្ពស់អំពីស្ថានភាពជីវភាព ការរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រងបានយ៉ាងល្អ ជាពិសេសស្ថានភាពប្រជាជនក្រីក្រ ដែលត្រូវការជំនួយជាបន្ទាន់ ដែលក្នុងនាមជាអាជ្ញាធរមូលដ្ឋានត្រូវតែមានការគិតគូរជូនពួកគាត់។
កិត្តិសេដ្ឋាបណ្ឌិត បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន មេត្តាជួយសហការ និងតាមដានដំណើរការការងារនេះឱ្យបានជាប់ជាប្រចាំ ដើម្បីជៀសវាងឱ្យបានប្រតិកម្មពីប្រជាជន នៅពេលដែលរាជរដ្ឋាភិបាលកម្ពុជាចាប់ផ្តើមអនុវត្តការផ្តល់អន្តរាគមន៍ និងស្នើដល់លោកអភិបាលស្រុក ព្រមទាំងអាជ្ញាធរមូលដ្ឋានទាំងអស់នៃស្រុកគងពិសី។
ឆ្លៀតឱកាសនេះដែរ លោករដ្ឋមន្រ្តីក៏សូមស្នើដល់ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋានគ្រប់ឃុំ ស្រុក ក្រុងទូទាំងប្រទេស ពន្លឿនឲ្យលឿនតាមផែនការដែលបានកំណត់ ដែលជាគោលការណ៍ត្រូវរៀបចំធ្វើបច្ចុប្បន្នភាពទិន្នន័យគ្រួសារក្រីក្ររួមមាន៖
*ទី១៖ តំបន់ជនបទឱ្យបានចប់សព្វគ្រប់មុនដំណាច់ខែឧសភា ឆ្នាំ២០២០
*ទី២៖ តំបន់ទីប្រជុំជនឱ្យបានមុនដំណាច់ខែមិថុនា ឆ្នាំ២០២០ ដោយប្រើយន្តការកំណត់អត្តសញ្ញាណម្មគ្រួសារក្រីក្រ តាមការស្នើសុំ និងត្រូវមានការពិគ្រោះយោបល់ជាមួយភូមិ និងឃុំ ករណីមានការដកចេញនូវគ្រួសារណាដែលមានជីវភាពលេចធ្លោ៕