(ភ្នំពេញ)៖ ការបំពេញកាតព្វកិច្ចបួស ឬតមអាហារនៅពេលថ្ងៃរបស់ ជនមូស្លីមនៅកម្ពុជា ក៏ដូចជានៅតាមបណ្ដាប្រទេសជាច្រើន នៅជុំវិញពិភពលោក ត្រូវបិទបញ្ចប់ជាស្ថាពរ នៅថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២០ (ទៅតាមពេលវេលានៃតំបន់ប្រទេសនីមួយៗ)។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈដឹកនាំជាន់ខ្ពស់នៃសាសនា ឥស្លាមកម្ពុជា។
នៅពេលខ្នើត ខែរ៉ម៉ាឌន (ខែទី០៩ នៃប្រតិទិនឥស្លាម) រះឡើងវាគឺជាការចាប់ផ្តើមការកាន់អំណត់ ហើយពេលខ្នើតខែសាវ៉ាល់ (ខែទី១០ នៃប្រតិទិនឥស្លាម) រះឡើងគឺជាសញ្ញាណ នៃការបញ្ចប់កាតព្វកិច្ចបួស។ ថ្ងៃទី០១ ខែសាវ៉ាល់ ឆ្នាំ១៤៤១ មហាំម៉ាត់សករាជ ឬត្រូវនឹងថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២០នេះហើយ ជាថ្ងៃចេញបួសរបស់ជនមូស្លីម ដែលគេស្គាល់ថាជាថ្ងៃអ៊ីឌូលហ្វីត្រ បន្ទាប់ពីបានបញ្ចប់នូវការកាន់អំណត់ អស់ រយៈពេលមួយខែរ៉ម៉ាឌន កន្លងមកនោះ។ ដោយសារប្រតិទិន ឥស្លាមជាប្រតិទិន ចន្ទគតិ ការប្រារព្ធពិធីទាំងនេះគឺសំអាងលើការអង្កេតមើលការលេចឡើងនៃខ្នើតខែ។ តែបច្ចុប្បន្នដោយសារ ប្រព័ន្ធបច្ចេកវិទ្យាកាន់តែទំនើប ផងនោះមិនថាទាំងការចូល កាន់អំណត់ (បួស) ឬបញ្ចប់ការកាន់អំណត់គេសុទ្ធ តែអាចមើលដឹងនិងកំណត់កាលបរិច្ឆេទច្បាស់លាស់ ថាតើនៅថ្ងៃណាព្រះចន្ទថ្មីដែលនឹងរះឡើង។ តែទោះជាយ៉ាង នេះក្តី ក៏មានមូស្លីមមួយចំនួននៅបន្តការអនុវត្ត ការសង្កេតខ្នើតព្រះចន្ទដោយភ្នែកទទេដើម្បី បញ្ជាក់ពីថ្ងៃផ្លូវការនៃការធ្វើពិធីឆ្លង អ៊ីឌូលហ្វីត្រនេះផងដែរ។
*ការប្រារព្ធពីធីបុណ្យ អ៊ីឌូលហ្វីត្រ
ការប្រារព្ធថ្ងៃអ៊ីឌូលហ្វីត្រ គឺជាលំអានតាំងពីជំនាន់មហាំម៉ាត់ មកម្លេះ។ ការអនុវត្តនេះគឺជាសារនៃភាតរភាព និងសេចក្តីរីករាយ។ បន្ទាប់ពីការថ្វាយបង្គំនៅវិហារ មនុស្សម្នាចូលរួម ពិធីបុណ្យទាំងចាស់ក្មេង ប្រុសស្រី ស្លៀកសំលៀកបំពាក់ចម្រុះពណ៌ ប្រកបជាមួយ ការប្រើគ្រឿងក្រអូប នាឱកាសជួបជុំបងប្អូនញាតិមិត្តជិតឆ្ងាយ ហើយពីផ្ទះមួយទៅផ្ទះមួយ ពួកគេដើរការសុំខមាលទោសដោយ ភាតរភាពរវាងគ្នាចំពោះកំហុសនានា រាប់ទាំងកំហុស ចេតនា។ មួយវិញទៀត ជាប្រពៃណីរបស់ខ្លួននៅថ្ងៃអ៊ីឌូលហ្វីត្រ បងប្អូនចាម ឬខ្មែរឥស្លាម តែងតែរៀបនំចំណី ឬម្ហូបអាហារដើម្បីទទួលភ្ញៀវមានដូចជា សម្លការី នំអន្សម នំផ្អែមផ្សេងៗ ដែលធ្វើអោយ អ៊ីឌូលហ្វីត្រ ក្លាយជាអនុស្សារិយនៃការជួបជុំដ៏រីករាយបំផុតក្នុងមួយឆ្នាំ នៃប្រតិទិនរបស់ខ្លួន។
* សារសំខាន់នៃថ្ងៃអ៊ីឌូលហ្វីត្រ
សារដ៏សំខាន់នៅឱកាសនៃការប្រារព្ធពិធីដ៏រីករាយនេះ មូស្លីមគ្រប់រូប ក៏ត្រូវបានរំលឹកជាពិសេសអំពីកាតព្វកិច្ច របស់ពួកគេ ទៅចំពោះអ្នកដែលមានជីវភាពលំបាកក្នុងសង្គមដើម្បី អោយគ្រួសារទាំងនោះអាចចូលរួមប្រារព្ធពិធី ដូចគ្នាដោយរីករាយ និងប្រាកដថាពុំមាននរណាម្នាក់រងការស្រេកឃ្លាននៅក្នុងទិវានៃការប្រារព្ធថ្ងៃបុណ្យ អ៊ីឌូលហ្វីត្រនេះឡើយ ព្រមទាំងដើម្បីបំពេញបន្ថែម នូវការខ្វះខាតនៃការកាន់អំណត់បួសពេញមួយខែរ៉ម៉ាឌន ដោយសារការប្រព្រឹត្តកំហុសដោយមិនបានដឹងខ្លួន។
* ទម្រង់នៃការបរិច្ចាគ ឬហ្សាកាត់
ភាពសំខាន់នៃថ្ងៃអ៊ីឌូលហ្វីត្រ គឺការអនុវត្តការបរិច្ចាគទាន។ ជាទានដែលបរិច្ចាគ ទៅតាមការកំណត់ ទាំងបរិមាណ និងពេលវេលា ដែលគេហៅថាហ្សាកាត់។ វាត្រូវបានធ្វើឡើង ដោយមេគ្រួសារដែលជាតំណាងសមាជិកម្នាក់ៗ ក្នុងគ្រួសារនៅមុនថ្ងៃប្រារព្ធពិធីអ៊ីឌូលហ្វីត្រ។ ការបរិច្ចាគនេះទៀតសោត គេត្រូវតែធ្វើឡើងជាចំណីអាហារ ដែលអាចចម្អែត បានដូចជា៖ (ស្រូវ ឬអង្ករ ពោត ផ្លែល្មើ ជាដើម)។ ហ្សាកាត់ឌុលហ្វិតរី ឬហ្សាកាត់គឺជាកាតព្វកិច្ចលើ មូស្លីមគ្រប់រូប ដែលបានបន្តរស់មានជីវិតដល់ថ្ងៃចុងក្រោយ នៃខែរ៉ម៉ាឌន និងថ្ងៃដំបូងនៃខែសាវ៉ាល់ដែល ជាខែបន្ទាប់។ ផ្ទុយទៅវិញ វាមិនជាប់កាតព្វកិច្ចនោះឡើយសម្រាប់បណ្តាជនមូស្លីមដែល បានលាចាកលោក នៅមុនថ្ងៃលិច (មរណកាលក្នុងខែរ៉ម៉ាទន) ឬទារក ឬក៏ទារីកាដែលចាប់កំណើតក្រោយការបញ្ចប់ខែរ៉ម៉ាឌន។
គួរបញ្ជាក់ថា ចាប់ពីយប់ថ្ងៃសៅរ៍ ទី២៣ ខែឧសភានេះតទៅ ជនមូស្លីមទំាងអស់អាចបរិភោគបានធម្មតាឡើងវិញហើយ។ ប៉ុន្តែ ថ្ងៃបុណ្យ អ៊ីឌូលហ្វីត្រក្នុងឆ្នាំនេះ សាសនិកខ្មែរឥស្លាម ត្រូវអនុវត្តតាមក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ, មិនមានការជួបជុំគ្នា និងថ្វាយបង្គំ នៅគេហដ្ឋានរៀងៗខ្លួនជាដើម៕