(សៀមរាប)៖ ស្បៀងអាហារ និងថវិកាមួយចំនួនត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនកងទ័ពនៃកងពលធំអន្តរាគមន៍លេខ២ តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
អំណោយជាស្បៀងអាហារ និងថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានលោក ផា អេងវ៉េង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អមដោយមន្ត្រីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា យកទៅប្រគល់ជូននាយទាហាន និងពលទាហានកងពលធំអន្តរាគមន៍លេខ២ ស្ថិតនៅភូមិរហាល ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះ។
ក្នុងកិច្ចប្រគល់ទទួលអំណោយនោះ លោកឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ គោរពជូនសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះសមានចិត្តដ៏ឧត្តុង្គឧត្តមមិនអាចកាត់ថ្លៃបាន និងបានទទួលស្វាគមន៍ ហើយបានថ្លែងអំណរគុណដល់គណៈប្រតិភូនៃ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលបានចំណាយពេលវេលាដ៏មមាញឹក នាំយកអំណោយឧបត្ថម្ភដ៏ថ្លៃថ្លានេះមកជូនដល់បញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ២ ដោយញ៉ាំងឱ្យនាយ-ទាហាន និងពលទាហានដែលកំពុងបំពេញភារកិច្ចប្រចាំការនៅជួរមុខទាំងអស់នៅទីនេះ មានទឹកចិត្តពុះពារបន្ថែមទៀតដើម្បីបុព្វហេតុជាតិ និងមាតុភូមិ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងមូល។
មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ បានរំលឺកផងដែរអំពីអំណោយឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ និងសម្ភារបរិក្ខារផ្សេងៗ និងសមិទ្ធផលដែលជាអំណោយរបស់ សម្តេចតេជោ គួរឱ្យកត់សម្គាល់កន្លងមកមួយចំនួនដូចជា ផ្លូវបេតុង ១ខ្សែប្រវែង៨០០ម៉ែត្រ ទទឹង០៩ម៉ែត្រ និងបណ្ណាល័យ០១ខ្នង ទំហំ ៨,៦០ម X ១៨,៦០ម និងបង្គោលអង់តែនវិទ្យុទាក់ទងជាដើមផងដែរ។
ក្នុងឱកាសនោះ គណៈប្រតិភូ បាននាំនូវសេចក្តីនឹករលឹក និងការសួរសុខទុក្ខដល់បងប្អូននាយទាហាន និងពលទាហានទាំងអស់នៃកងពលធំអន្តរាគមន៍លេខ២ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល។ ថ្វីត្បិតតែសម្តេចតេជោ មានភាពមមាញឹកខ្លាំងក្នុងការដឹកនាំប្រទេសជាតិយ៉ាងណាក្តី ក៏មនោសញ្ចេតនាស្រឡាញ់ និងការនឹករលឹកដ៏ជ្រាលជ្រៅ តែងតែនៅផ្សារភ្ជាប់ជានិច្ចជាមួយបងប្អូនទាំងអស់គ្នា ដែលកំពុងបំពេញបេសកកម្មក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
បន្ថែមពីលើនេះ គណៈប្រតិភូ បានវាយតម្លៃខ្ពស់ពីស្មារតីលះបង់ពុះពារជំនះរាល់ការលំបាក គ្រប់បែបយ៉ាងរបស់នាយទាហាន នាយទាហានរង និងពលទាហាននៃកងពលធំអន្តរាគមន៍លេខ២ លើការងារមួយចំនួនផ្សេងទៀត ក្រៅពីបុព្វហេតុការពារជាតិ រួមមានការកសាងជំរុំ ជម្រកស្នាក់នៅ ការបង្កបង្កើនផល និងចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃជាដើម។ ទន្ទឹមនេះ គណៈប្រតិភូ ក៏ជម្រាបជូនអំពីស្ថានភាពសេដ្ឋកិច្ចទូទៅក្នុងប្រទេស និងអំពីស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា ក្នុងតំបន់និងពិភពលោក។
បច្ចុប្បន្នទោះបីកម្ពុជា បានឆ្លងផុតរលកទី១នៃជំងឺកូវីដ១៩ ដោយបានព្យាបាលអ្នកជំងឺទាំង ១២២នាក់ ជាសះស្បើយទាំងស្រុងក៏ដោយ ប៉ុន្តែជំងឺនេះនៅតែជាបញ្ហាគំរាម និងបង្កហានិភ័យខ្ពស់ ដល់បណ្តាប្រទេសមួយចំនួនទាំងក្នុងតំបន់និងពិភពលោក រួមទាំងកម្ពុជាផងដែរ។ ក្នុងកាលៈទេសៈដ៏ផុយស្រួយនៃជំងឺនេះ នាយទាហាន និងពលទាហានទាំងអស់ មិនត្រូវភ្លេចខ្លួន និងត្រូវយកចិត្តទុកដាក់សហការប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ១៩នេះ។ ជាពិសេសតាមរយៈការរក្សាអនាម័យផ្ទាល់ខ្លួនឱ្យបានខ្ជាប់ខ្ជួន និងជួយបន្តផ្សព្វផ្សាយវិធានការនានាដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។
អំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ នាថ្ងៃនេះរួមមាន អង្ករ ១០ តោន, ត្រីខ ៤០ កេសធំ, មី ៤០ កេសធំ, ទឹកក្រូចនិងទឹកផ្លែឈើ ១០០កេស, ស្ករស ១តោន, ត្រីងៀត ៥០០គីឡូក្រាម, អាវរងាយឺត ៦៩៦អាវ, អាល់កុល ១០កាន (ស្មើនឹង៣០០លីត្រ), ម៉ាស់ ១០.០០០បន្ទះ, ឧបករណ៍ស្ទង់កម្តៅ ៣គ្រឿង។ ទន្ទឹមនឹងសម្ភារៈបរិក្ខារទាំងអស់នេះ គណៈប្រតិភូក៏បាននាំយកមកនូវថវិកា ឧបត្ថម្ភជូនបញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ២ ចំនួន ២០លានរៀល និង បងប្អូនជានាយទាហាន នាយទាហានរង និងពលទាហាន ចំនួន ១.៧៣៨នាក់ ក្នុងម្នាក់ៗ ថវិកាចំនួន ៣ម៉ឺនរៀល។
សូមបញ្ជាក់ជូនថា ដំណើរចុះសួរសុខទុក្ខរបស់គណៈប្រតិភូនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ នាថ្ងៃនេះ គឺជាលើកទី៥ ហើយចាប់តាំងពីមានពិធីសារចងសម្ព័ន្ធមេត្រីភាព រវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជាមួយកងពលធំអន្តរាគមន៍លេខ២។ ក្នុងន័យដើម្បីពង្រឹងចំណងសម្ព័ន្ធមេត្រីភាពនេះបន្ថែមទៀត អគ្គនាយកដ្ឋានគយនិងរដ្ឋា ករកម្ពុជា នឹងបន្តបេសកកម្មក្នុងការចុះសួរសុខទុក្ខដល់នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងកងពលធំអន្តរាគមន៍លេខ ២ នេះជាបន្តទៀតនាពេលខាងមុខ៕