(ព្រៃវែង)៖ ក្រុមការងារចុះជួយស្រុកបាភ្នំ ខេត្តព្រៃវែង បានជួបប្រជុំគ្នាដើម្បីធ្វើការត្រួតពិនិត្យការងារប្រចាំខែឧសភា និងលើកទិសដៅបន្តសម្រាប់ខែមិថុនា។

កិច្ចប្រជុំនេះ បានធ្វើឡើងនាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០ នៅទីស្នាក់ការគណបក្សស្រុក ដោយមានការចូលរួមពីសំណាក់អស់ លោក លោកស្រីប្រធាន អនុប្រធានក្រុមការងារស្រុក ប្រធានក្រុមការងារនិងមេឃុំទាំង០៩ ប្រធានភូមិទាំង៣០នៃឃុំធាយនិងឃុំរក្សជ័យ ព្រមទាំងមន្ត្រីរាជការមួយចំនួននៃក្រសួងមុខងារសាធារណៈសរុបទាំងអស់ចំនួន១៣០នាក់។

ផ្អែកលើរបាយការណ៍និងកិច្ចពិភាក្សាលើសកម្មភាពការងារសម្រេចបានក្នុងខែកន្លងមក និងលើទិសដៅការងារខែបន្ត លោក ព្រុំ សុខា ប្រធានក្រុមការងារចុះជួយស្រុកបាភ្នំ បានធ្វើការវាយតម្លៃចំណុចសំខាន់ៗនៃសកម្មភាពការងារដែលសម្រេចបានកន្លងមកជាអាទិ៍៖

* សកម្មភាពជាប្រចាំរបស់ក្រុមការងារនៅគ្រប់ឃុំ ក្នុងការចុះជួបសំណេះសំណាល ជូនអំណោយប្រជាពលរដ្ឋតាមភូមិ ដែលជាការផ្សារភ្ជាប់សុខទុក្ខជាក់ស្តែងជាមួយប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករ ពលករចំណាកស្រុកដែលកំពុងរងផលប៉ះពាល់នៃវិបត្តិកូវីដ១៩ គឺបានរួមចំណែកបង្កើនជំនឿជឿជាក់បន្ថែមទៀតរបស់ប្រជាពលរដ្ឋ មកលើគណបក្សប្រជាជនកម្ពុជានៅត្រង់ថា ពេលណាពួកគាត់ជួបការលំបាក គឺតែងតែមានវត្តមានរបស់គណបក្សប្រជាជនកម្ពុជា។

* ឆ្លងតាមសកម្មភាពការងារផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ បានជួយឱ្យក្រុមការងារទាំងអស់ស្វែងយល់បាននូវបញ្ហាជាក់ស្តែង ដែលកើតមានឡើងនៅតាមសហគមន៍ភូមិជាអាទិ៍៖ វិបត្តិមុខរបរនិងការងារ ការជំពាក់ប្រាក់ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងការឃុំគ្រងកុមារនិងយុវជនក្នុងគ្រាដែលសាលារៀនទាំងអស់ត្រូវបិទទ្ធារ។ល។ ដើម្បីក្រុមការងារមានមូលដ្ឋានជួយសម្រាលដោះស្រាយផ្ទាល់នៅនឹងកន្លែង ឬមួយរាយការណ៍ជូនថ្នាក់លើ។

ចំពោះទិសដៅការងារខាងមុខ ដែលក្រុមការងារត្រូវបន្តធ្វើសកម្មភាពដូចពេលកន្លងទៅ លោកប្រធានក្រុមការងារ បានសង្កត់ធ្ងន់បន្ថែមទៀតលើការអប់រំប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ន បន្តអនុវត្តខ្ជាប់ខ្ជួននូវវិធានការបង្ការចំពោះយថាហេតុនៃការឆ្លងជំងឺកូវីដ១៩ក្នុងរលកទី២ ពិសេសត្រូវខិតខំទប់ស្កាត់មិនឱ្យមានការឆ្លងចូលក្នុងសហគមន៍។

ទន្ទឹមនោះ កិច្ចការបន្ទាន់ចាំបាច់គឺការរិះរកគ្រប់វិធានការជួយប្រជាជនឱ្យរក្សាបានប្រក្រតីភាពនៃជីវភាព រួមជាមួយការគាំទ្រនានារបស់អាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាននិងបណ្តាក្រុមការងារដើម្បីជួយសហគមន៍មូលដ្ឋានឱ្យមានលទ្ធភាពពុះពារដោះស្រាយរាល់ការលំបាកដែលជាផលប៉ះពាល់នៃវិបត្តិកូវីដ១៩។

ជាមួយគ្នានោះដែរ យើងក៏ត្រូវលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយរបស់មជ្ឈដ្ឋានអគតិដែលញុះញង់បំភ្លៃការពិត ប៉ុនប៉ងបំភាន់សាធារណៈមតិតាមមហិច្ឆតានយោបាយ «ប្រជានិយម» របស់ពួកគេ៕