(ភ្នំពេញ)៖ ថ្ងៃបុណ្យរ៉យ៉ាអ៊ីទុលហ្វីទ្រី ឬរ៉យ៉ាហ្វីត្រះ ជាថ្ងៃនៃពិធីបុណ្យធំមួយរបស់សាសនាឥស្លាម ដែលជាពិធីបុណ្យបញ្ចប់នៃការបួសក្នុងខែរ៉ម៉ាឌន ដែលគ្រប់ឥស្លាមសាសនិកទាំងអស់ទូទាំងពិភពលោក ប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំក្រោយចប់បួសរយៈពេលពេញមួយខែរួចមក។

ជាក់ស្ដែងបុណ្យរ៉យ៉ាអ៊ីទុលហ្វីទ្រី ឬរ៉យ៉ាហ្វីត្រះ នឹងត្រូវប្រារព្វឡើង នៅថ្ងៃ២៤ ខែឧសភា ឆ្នាំ២០២០ ខណៈដែលគ្រប់សាសនិកខ្មែរឥស្លាម បានប្ដេជ្ញាថានឹងគោរពតាមបទបញ្ជាថ្នាក់ដឹកនាំ ដោយមិនប្រមូលផ្ដុំគ្នានៅតាមវិហ៊ារសាសនា តាមស៊ូរ៉ាវ ឬនៅតាមទីប្រជុំជនណានោះទេ ដើម្បីចូលរួមប្រឆាំងមេរោគកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។

លោកស្រី ស៊ូ អៃសះ ព្រមទាំងក្រុមគ្រួសារ រស់នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បានប្រាប់ Fresh News ថា «យើងខ្ញុំសូមគោរពតាមគោលការណ៍របស់ថ្នាក់ដឹកនាំ» ដែលបានណែនាំដល់ឥស្លាមសាសនិក ត្រូវចូលរួមទប់ស្កាត់ការរីករាលមេរោគកូវីដ១៩ ដោយបញ្ជៀសការជួបជុំជាហ្វូងៗក្រៅពីក្រុមគ្រួសារខ្លួន ហើយអ្វីដែលសំខាន់គឺលោកស្រី «អរគុណសន្តិភាព អរគុណ សម្ដេចតេជោហ៊ុន សែន» អរគុណក្រសួងសុខាភិបាល និងក្រុមមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំធ្វើលើកិច្ចការនេះទាំងយប់ទាំងថ្ងៃ ដោយមិនគិតពីការនឿយហត់ ខណៈជាលទ្ធផលឃើញថា ពិតជាល្អប្រសើរបំផុត បើប្រៀបធៀបនឹងប្រទេសដទៃទៀត គឺកម្ពុជាគ្មានការឆ្លងទ្រង់ទ្រាយធំ គ្មានមនុស្សស្លាប់ ដែលនេះជាស្នាដៃដ៏ធំធេងរបស់ សម្ដេចតេជោ ហ៊ុន សែន និងក្រុមមន្ត្រីទាំងអស់ ។

លោកស្រី និងក្រុមគ្រួសារក៏បានថ្លែងអំណរគុណដល់ សម្ដេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាព សុខសុវត្ថិភាព ការរីកចំរើន មានសេដ្ឋកិច្ចលូតលាស់ ពលរដ្ឋមានជីវភាពកាន់តែធូរធារឡើងៗ។

លោកស្រី និងក្រុមគ្រួសារក៏អំពាវនាវដល់ពលរដ្ឋឥស្លាមទាំងអស់គ្នា សូមចូលរួមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ ប្រឆាំងការរីករាលដាលមេរោគកូវីដ១៩ដែលបានបង្កបញ្ហាដល់ពិភពលោក ។

គួរជម្រាបជូនថា គណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា បានចេញសេចក្ដីជូនដំណឹងជុំវិញការប្រតិបត្តិថ្ងៃរ៉យ៉ាហ្វីត្រះ និងបានចេញគោលការណ៍ណែនាំដល់សាសនិកឥស្លាមទាំងអស់ ឱ្យចូលរួមទប់ស្កាត់មេរោគកូវីដ១៩ ការណែនាំក្នុងការថ្វាយបង្គំនៅថ្ងៃរ៉យ៉ាតាមគេហដ្ឋានរៀងៗខ្លួនផងដែរ ។

អ្វីដែលគួរឱ្យកត់សំគាល់បំផុតនោះស្ថិតនៅក្នុងរយៈពេលមួយខែនៃបុណ្យរ៉ម៉ាឌន អង្គការសមាគមឥស្លាមជាច្រើន បានបើកយុទ្ធនាការចែកអំណោយ និងផ្សព្វផ្សាយវិធានការវីរុសកូវីដ១៩ ដល់គ្រប់ភូមិទាំងអស់នៅទូទាំងប្រទេស ដែលសកម្មភាពមនុស្សធម៌ និង ការផ្សព្វផ្សាយវិធានការនេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីបងប្អូនខ្មែរមូស្លីមទូទាំងអស់ផងដែរ ។

គួរបញ្ជាក់ថា គ្រប់សាសនិកឥស្លាមទាំងអស់នៅកម្ពុជា តែងតែគោរពតាមគោលការណ៍របស់ថ្នាក់ដឹកនាំប្រទេស ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធជានិច្ច ដើម្បីចូលរួមទប់ស្កាត់ ប្រឆាំងការរីករាលដាលជំងឺកូវីដ១៩៕