(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ បានអំពាវនាវដល់បងប្អូនប្រជាកសិករ ដែលមានដីនៅរ៉បប្រឡាយមេដំណាក់ឈើក្រម ក្នុងភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ សូមរួមគ្នាដាំដុះបន្លែសុវត្ថិភាព ដើម្បីចូលរួមចំណែកផ្គត់ផ្គង់តម្រូវការ ឱ្យទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ធានាបានទាំងបរិមាណ គុណភាព និងសុវត្ថិភាព ឈានទៅកាត់បន្ថយការនាំចូលបន្លែពីក្រៅប្រទេស និងការធ្វើចំណាកស្រុក។
លោកអភិបាលខេត្ត បានអំពាវនាវបែបនេះ ក្នុងឱកាសចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូន ប្រជាពលរដ្ឋខ្វះខាតស្បៀង ប្រភេទ(ក្រ១ និងក្រ២) ចំនួន១១៤គ្រួសារ រស់នៅភូមិជ្រៃក្រឹម ព្រមទាំងបញ្ចុះបឋមសិលា សាងសង់អគារទីចាត់ការថ្មីមួយខ្នង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗមួយចំនួនទៀត ជាអំណោយដ៏ថ្លៃថ្លា របស់សាខាសមាគមនារីខេត្ត និងសប្បុរសជន ផ្តល់ជូនសាលាបឋមសិក្សាអំពួច «ជាសាលាដាច់ស្រយ៉ាល» ស្ថិតក្នុងភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
លោក ម៉ៅ ធនិន បានថ្លែងថា ដោយពិនិត្យឃើញស្ថានភាពក្នុងតំបន់នេះ មានអំណោយផលច្រើនពីធម្មជាតិ ជាពិសេសសមិទ្ធផលជាចំណងដៃរបស់សម្តេចតេជោ ហ៊ុន សែន មានដូចជាទំនប់ដំណាក់ឈើក្រម ត្រូវបាននឹងកំពុងស្ថាបនាជិតរួចរាល់ហើយ។ ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង និងដើម្បីចូលរួមចំណែកផ្គត់ផ្គង់តម្រូវការ ឱ្យទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ធានាបានទាំងបរិមាណ គុណភាព និងសុវត្ថិភាព ឈានទៅកាត់បន្ថយការនាំចូលបន្លែ ពីក្រៅប្រទេសនោះ លោកបានអំពាវនាវដល់ប្រជាកសិករ ដែលមានដីនៅរ៉បនឹងប្រឡាយមេដំណាក់ឈើក្រម សូមរួមគ្នាខិតខំដាំដុះបន្លែសុវត្ថិភាពគ្រប់ក្រុមគ្រួសារ កុំទុកដីឱ្យនៅទំនេរឥតប្រយោជន៍។
លោកបានបន្ថែមថា ចំពោះគ្រាប់ពូជបន្លែ រដ្ឋបាលខេត្ត មន្ទីរជំនាញ និងរដ្ឋបាលស្រុក ជាអ្នកផ្តល់ជូន ព្រមទាំងរកទីផ្សារលក់ផលិតផលនេះថែមទៀតផង។ លោកសង្ឃឹមយ៉ាងមុតម៉ាំថា បងប្អូនប្រជាពលរដ្ឋនឹងអនុវត្តន៍តាមការអំពាវនាវនេះ ដើម្បីលើកកម្ពស់កម្រិតជីវភាពគ្រួសារ បង្កើតការងារឱ្យប្រជាពលរដ្ឋធ្វើនៅមូលដ្ឋាន និងកាត់បន្ថយការធ្វើចំណាកស្រុក ។
លោកអភិបាលខេត្ត បានឱ្យដឹងដែរថា ដោយមើលឃើញពីការលំបាករបស់លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សនៅតំបន់នេះ មិនទាន់មានសាលារៀនសមរម្យ សម្រាប់បង្រៀន និងរៀននោះ លោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងលោកស្រី ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ បានធ្វើបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីកសាងសាលារៀន ១ខ្នង មាន៦បន្ទប់ ដោយចំណាយថវិកាអស់ ជិត៦ម៉ឺនដុល្លារ និងបន្តជួយកសាងទីចាត់ការថ្មីមួយខ្នង មានទំហុំ ១៦,៥០x៧ម៉ែត្រ រួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗមួយចំនួនទៀត គ្រោងចំណាយថវិកាអស់ជាង ២ម៉ឺនដុល្លារ ដែលធ្វើពិធីបញ្ចុះបឋមសិលានាពេលនេះ។ ក្រោយអភិវឌ្ឍន៍សាលារៀន នៅដាច់ស្រយ៉ាលនេះហើយ ឯកឧត្តមចង់ឃើញសាលារៀននេះ កែប្រែ និងក្លាយទៅជាសាលារៀនគំរូឈានមុខគេ ទាំងសម្លៀកបំពាក់ គ្រូ និងសិស្ស។
ក្នុងឱកាសនោះ លោកបានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបន្តការប្រុងប្រយ័ត្នខ្ពស់ ពីជំងឺឆ្លងដ៏កាចសាហាវកូវីដ១៩ ដោយបង្កើនអនាម័យសុខភាពរស់នៅឱ្យបានល្អ ជាពិសេសត្រូវពាក់ម៉ាស ឬក្រម៉ា និងត្រូវដុសលាងសម្អាតដៃឱ្យបានស្អាតជាប្រចាំ ជាមួយសាប៊ូ ទឹកអាល់កុល ឬជែលកម្ចាត់មេរោគ។
អំណោយដែលត្រូវចែកជូន ដល់ប្រជាពលរដ្ឋខ្វះខាតស្បៀង ប្រភេទ(ក្រ១ និងក្រ២) ចំនួន១១៤គ្រួសារ រស់នៅភូមិជ្រៃក្រឹម ដោយក្នុងមួយគ្រូសារៗទទួលបាន អង្ករចំនួន១០គីឡូក្រាម ក្រម៉ា១ និងឃីត១កញ្ចប់។ ជាមួយគ្នានោះ លោក ម៉ៅ ធនិន និងលោកស្រី ក៏បានប្រគេនបច្ច័យបួនតម្កល់ទុក សម្រាប់កសាងវត្តអំពួចនាឱកាសនោះផងដែរ៕