(កំពង់ឆ្នាំង)៖ ប្រតិភូក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក ជា មានិត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តំណាងលោក ត្រាំ អ៊ីវតឹក ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់លែង អមដំណើរដោយលោក ហុក ប្ញទ្ធី, លោក គីម គង់, លោក កែវ ពៅ, លោក សោម ភិរុណ ទីប្រឹក្សាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, មន្រ្តីក្រសួងសាធារណការ និងលោក សំ ចាន់ថន ប្រធានគណបក្សស្រុក ព្រមទាំងសមាជិកការងារគណបក្សស្រុកចុះជួយមូលដ្ឋានឃុំស្វាយរំពារ, ឃុំដារ ,ឃុំច្រណូក និងឃុំផ្លូវទូក នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់លោក ត្រាំ អ៊ីវតឹក និងលោកស្រី ជូនដល់គ្រួសារជនពិការ។

ជាមួយគ្នានេះ ក្រុមការងារបានចុះពិនិត្យផ្លូវមានដូចខាងក្រោម៖

ទី១៖ ផ្តល់ជូនជនពិការ២រូប (ឃុំស្វាយរំពារ និងឃុំដារ) រទេះរុញចំនួន១ និងថវិកាចំនួន២០០.០០០ ក្នុងម្នាក់
ទី២៖ ចុះពិនិត្យមើលការដ្ឋានស្ថាបនាផ្លូវក្រាលដីសចំនួន០១ខ្សែ ប្រវែង ២០០ម៉ែត្រ នៅភូមិកង្កែប ដែលជាជំនួយឧបត្ថម្ភរបស់លោក ត្រាំ អុីវតឹក និងលោកស្រី។

ក្នុងនោះលោក កែវ ពៅ បានឧបត្ថម្ភថវិកាចំនួន ៣៥០.០០០៛ ដល់ក្រុមប្រឹក្សាឃុំច្រណូកសម្រាប់បន្ថែម ការសាងសង់លូកាត់ទទឹងថ្នល់ប្រវែង៧ម (ទំហំ០,៦០ម ) លើកំណាត់ផ្លូវប្រវែង២០០ម និងចុះពិនិត្យមើលការដ្ឋានស្ថាបនាផ្លូវក្រាលក្រួសក្រហម ០១ខ្សែប្រវែង២៤,២០០ គ.ម ដែលតភ្ចាប់ពីឃុំច្រណូកដល់ឃុំផ្លូវទូក។

ដោយឡែកក្រុមការងារក៏បានផ្តល់ជូនរដ្ឋបាលស្រុក នូវអាល់កុលចំនួន២០ដប និង១ប៊ីដុងចំណុះ១០ លីត្រ, ម៉ាស់២០ប្រអប់ ស្មើនឹង៦០០ម៉ាស់ សម្រាប់ជាប្រយោជន៍ដល់ការប្រើប្រាស់ទប់ស្កាត់ការឆ្លងជម្ងឺកូវីដ-១៩ផងដែរ៕