(ភ្នំពេញ)៖ ដោយសារមានការត្អូញត្អែរអំពីបញ្ហាកាត់លុយតាមទូរសព្ទ ដោយពុំដឹងមូលហេតុ ឬការភ្ជាប់សេវាកម្មផ្សេងៗដោយមិនដឹងខ្លួន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងជំរុញឱ្យនិយ័តករទូរគមនាគមន៍កម្ពុជា (TRC) សហការជាមួយប្រតិបត្តិករទូរសព្ទចល័តទាំងអស់ ពន្លឿនការអនុវត្តលេខកូដរួមមួយ ដែលបានបង្កើតរួចហើយ ដើម្បីឱ្យអ្នកប្រើប្រាស់ អាចពិនិត្យ និងផ្តាច់រាល់សេវាកម្មបន្ថែម ដែលបានភ្ជាប់ដោយចៀសវាងការ កាត់លុយជាស្វ័យប្រវត្តិតទៅទៀត ដែលប៉ះពាល់ដល់ផលប្រយោជន៍របស់អតិថិជន។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះ។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានស្នើឲ្យអ្នកប្រើប្រាស់គួរយល់ដឹង អំពីទំហំកញ្ចប់សេវាដែលខ្លួនទទួល និងសុពលភាព លើការ ប្រើប្រាស់សេវាកម្ម និងសេវាបន្ថែមរបស់បណ្ដាក្រុមហ៊ុននីមួយៗ ឱ្យបានច្បាស់លាស់ នៅពេលមានការភ្ជាប់គម្រោងផ្សេងៗ ការផ្លាស់ប្តូរគម្រោង ការប្តូរលុយ សេវា Calltune សេវាឆ្នោត (Lottery) សេវាហោរាសាស្ដ្រ សេវាស្ដាប់ ចម្រៀង (Music) លទ្ធផលព័ត៌មានកីឡា (Sport) សេវាខ្ចីប្រាក់មុនពីក្រុមហ៊ុន (Loan) និងសេវាហៅចេញដោយ មិនបញ្ចេញលេខ (Private Number) ជាដើម។

ក្រសួង ក៏អំពាវនាវដល់អ្នកប្រើប្រាស់ទាំងអស់ មុននឹងធ្វើការតភ្ជាប់សេវាកម្មណាមួយ គប្បីមានការប្រុងប្រយ័ត្ន និងពិនិត្យឱ្យបានច្បាស់លាស់៕