(ភ្នំពេញ)៖ ក្រោយពីមានភ្លៀងធ្លាក់បន្តបន្ទាប់ជាប់ៗគ្នាកន្លងមក នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះ លោក ថេង សុថុល អភិបាលខណ្ឌចំការមន ដោយមានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរសង្កាត់ផ្សារដើមថ្កូវ បានចុះពិនិត្យស្ថានភាពសំរាម និងយកគ្រឿងចក្រកាយសំរាមភក់ ចេញដើម្បីបើកលំហូរផ្លូវទឹក នៅក្នុងប្រឡាយបឹងត្របែក ស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោក ថេង សុថុល បានឲ្យដឹងថា ក្រោយពីក្រុមការងារបុកស៉ីផាយបានរួចរាល់ហើយ ក៏បានដាក់គ្រឿងចក្រចុះកាយយកសំរាម និងស្តារយកភក់ចេញ ដើម្បីបើកមុខលំហូរផ្លូវទឹកឲ្យហូរចាក់ចុះទៅរកស្ថានីយ៍បូម។ លោកបន្តថា ក្រោយពេលភ្លៀងធ្លាក់ប៉ុន្មានមេជាប់ៗគ្នានាប៉ុន្មានថ្ងៃកន្លងមកនេះ ខាងអាជ្ញាធរមានវិធានការ ចុះកើបកាយយកសំរាមចេញពីប្រឡាយទឹកបឹងត្របែក ដើម្បីកុំឲ្យមានការកកស្ទះចរន្តទឹកក្នុងប្រឡាយ ហើយក៏អាចធ្វើឲ្យប៉ះពាល់បរិស្ថានមិនល្អ ដល់ការរស់នៅរបស់ប្រជាជនដែលរស់នៅក្បែរប្រឡាយ បឹងត្របែកនេះផងដែរ ពិសេសដើម្បីបង្កលក្ខណៈងាយស្រួលដល់ចរន្តទឹកហូរ នារដូវរវស្សាមកដល់នៅពេលខាងមុខនេះ។
អភិបាលខណ្ឌចំការមន បានបញ្ជាក់ទៀតថា បើតាមគម្រោងការបុកស៉ីផាយប្រើរយៈពេលប្រមាណ ៣០ថ្ងៃប៉ុណ្ណោះ នឹងរួចរាល់ហើយ ស្មើចម្ងាយ ២៧១ម៉ែត្រ។ លោកបានឲ្យដឹងទៀតថា នេះជាជោគជ័យដ៏ធំមួយសម្រាប់ដំណើរការងារបុកស៉ីផាយ ដោយមិនប្រើរយៈពេលវែងនោះទេ ហើយអាជ្ញាធរបន្តជំរុញការងារនេះថែមទៀត ដើម្បីលកលៃធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋបានរសនៅសមរម្យបាន មុនរដូវវស្សានាពេលខាងមុខនេះ៕