(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យរបស់ក្រសួង បានបង្ហាញមកដល់ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះ រកមិនឃើញមានអ្នកកើតជំងឺកូវីដ១៩ ករណីថ្មីនោះឡើយ រួមទាំងស្វាមីរបស់ស្ត្រីត្រឡប់មកពីអាមេរិក ដែលទើបរកឃើញជំងឺកូវីដ១៩កាលពីថ្ងៃទី២២ ខែឧសភា កន្លងទៅថ្មីៗនេះផងដែរ។
ក្រៅពីបញ្ជាក់បច្ចុប្បន្នភាពនៃលទ្ធផលពិនិត្យលើសំណាករបស់អ្នកបានពិនិត្យរកជំងឺកូវីដ១៩ ពីវិទ្យាស្ថានប៉ាស្ទ័រហើយនោះ លោកស្រី ឱ វណ្ណឌីន ក៏បានឆ្លៀតបំភ្លឺសំណួររបស់អ្នកព័ត៌មាន ពាក់ព័ន្ធស្ថានភាពសុខភាព រួមទាំងវិធានការទប់ស្កាត់ការរីករាលជំងឺរបស់ស្ត្រីមកពីអាមេរិក ដែលទើបរកឃើញជំងឺកូវីដ១៩ផងដែរ។
លោកស្រី ឱ វណ្ណឌីន បានឱ្យដឹងថា ក្រោយពីមានករណីស្ត្រីជនជាតិខ្មែរអាយុ ៣៩ឆ្នាំ មកពីសហរដ្ឋអាមេរិកនេះ បានរកឃើញមានមេរោគកូវីដ១៩ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០មក។ ភ្លាមៗនោះក្រុមការងារក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាម៉េរិក និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើការស្រាវជ្រាវរុករកដោយយកចិត្តទុកដាក់ជាទីបំផុត ដើម្បីរកអ្នកប៉ះពាល់ជាមួយនឹងស្ត្រីជនជាតិខ្មែរដែលធ្វើដំណើរមកពីសហរដ្ឋអាមេរិក។
លោកស្រីអ្នកនាំពាក្យ បានរៀបរាប់ថា តាំងពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ ជាថ្ងៃដែលស្ត្រីជណជាតិខ្មែរខាងលើ បានមកដល់កម្ពុជាមកត្រូវបានណែនាំឱ្យធ្វើចត្តាឡីស័ក នៅផ្ទះចំនួន ១៤ថ្ងៃ ដោយមានការតាមដានយ៉ាងយកចិត្តទុកដាក់ពីក្រុមការងារ។ ស្ត្រីខ្មែររូបនេះ អាចឆ្លងពីអ្នកដំណើរម្នាក់ ដែលធ្វើដំណើរពីអាមេរិកចូលប្រទេសកូរ៉េខាងត្បូង ហើយត្រូវបានពិនិត្យរកឃើញមានជំងឺកូវីដ១៩។
លោកស្រី ឱ វណ្ណឌីន បានរៀបរាប់ទៀតថា ក្រោយពេលទទួលបានព័ត៌មានពីការប៉ះពាល់របស់ស្ត្រីជនជាតិខ្មែរ ទៅនឹងអ្នកដំណើរចូលប្រទេសកូរ៉េខាងត្បូងមានជំងឺកូវីដ១៩នោះ ក្រុមការងារ ក៏បានណែនាំឱ្យស្ត្រីជនជាតិខ្មែរអាយុ ៣៩ឆ្នាំរូបនេះ ទៅទទួលការធ្វើតេស្ត ដោយយកវត្ថុសំណាករបស់គាត់នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត តែទទួលបានលទ្ធផលអវិជ្ជមាននៅពេលនោះ។
បើទោះបីទទួលបានលទ្ធផលអវិជ្ជមានយ៉ាងណាក្តី ក្រុមគ្រូពេទ្យ ក៏បានណែនាំស្ត្រីរូបនេះ ឱ្យបន្តធ្វើចត្តាឡីស័កនៅផ្ទះឱ្យគ្រប់ចំនួន ១៤ថ្ងៃ។ បន្ទាប់មកនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ស្ត្រីរូបនេះ ក៏ត្រូវបានធ្វើតេស្តសាជាថ្មីម្ដងទៀត ហើយទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២០ និងត្រូវបានបញ្ជូនឱ្យទៅសម្រាកពេទ្យនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនៅថ្ងៃយប់ដដែល។
បើតាមលោកស្រី ឱ វណ្ណឌីន បានឱ្យដឹងថា ក្នុងពេលធ្វើចត្តាឡីស័កនៅផ្ទះនោះ ស្រ្តីរូបនេះមិនមាននរណាក្រៅតែពីស្វាមីរបស់គាត់ប៉ុណ្ណោះ ដែលមានទំនាក់ទំនង។ ស្ត្រីរូបនេះហាក់មានការយល់ដឹងខ្ពស់ពីហានិភ័យនៃការឆ្លងជំងឺកូវីដ១៩នេះ ដោយមុនពេលគាត់មកដល់ផ្ទះនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នោះ គាត់បានបញ្ជូនកូន ០២នាក់ និងក្មួយម្នាក់ ទៅស្រុកកំណើតនៅខេត្តកំពង់ចាម ដើម្បីកុំឱ្យមានការចម្លង។
លោកស្រី ឱ វណ្ណឌីន បានបន្ថែមថា ដោយសារស្វាមីរបស់ស្ត្រីរូបនេះជាអ្នកប៉ះពាល់ផ្ទាល់ ដូច្នេះត្រូវបានធ្វើតេស្តរួចហើយ ដោយទទួលបានលទ្ធផលអវិជ្ជមាន តែតម្រូវឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃជាបន្ទទៀត ដោយមានការតាមដានពីក្រុមការងារ។
បើតាមលោកស្រី ឱ វណ្ណឌីន ជើងយន្តហោះពីកូរ៉េខាងត្បូង មករាជធានីភ្នំពេញមានអ្នកដំណើរ ដែលដឹកស្ត្រីរកឃើញជំងឺកូវីដ១៩ ដឹកអ្នកដំណើរសរុប ៦៨នាក់ (ស្រី ២០នាក់ និងបុរស ៤៨នាក់)។ នៅក្នុងចំនួននេះ មានជនជាតិខ្មែរចំនួន ៣០នាក់ ជនជាតិកូរ៉េ ៣៣នាក់ ក្រៅពីនោះ មានជនជាតិរុស្ស៉ី ជនជាតិស្ម័ស និងជនជាតិអូទ្រីស។
តាមការស្រាវជ្រាវរបស់ក្រុមការងារឃើញថា ក្រៅពីរូបស្ត្រីជនជាតិខ្មែរនេះ អ្នកដំណើរនៅលើយន្តហោះជាមួយគាត់ មិនមាននរណាម្នាក់ដែលមានបញ្ហាសុខភាពនោះទេ ហើយម្យ៉ាងទៀត នៅលើយន្តហោះ ត្រូវបានគេរៀបចំឱ្យមានការអង្គុយឃ្លាតពីគ្នា (គម្លាតសុវត្ថិភាពបុគ្គល)ផងដែរ។
លទ្ធផលនៃការស្រាវជ្រាវបានបង្ហាញផងដែរថា ក្រៅពីស្វាមីរបស់ស្ត្រីរូបនេះ ដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺ មានមនុស្ស ៥២នាក់ទៀត ស្ថិតនៅក្នុងហានិភ័យទាប និង១៤នាក់ ស្ថិតក្នុងហានិភ័យមធ្យម។
ឆ្លៀតជាមួយការផ្តល់ដំណឹងជុំវិញស្ថានភាពសុខភាព និងប្រវត្តិការនៃការប៉ះពាល់របស់អ្នកជំងឺមកពីអាមេរិកនេះ លោកស្រី ឱ វណ្ណឌីន បន្តអំពាវនាវដល់ពលរដ្ឋខ្មែរគ្រប់រូបចូលរួមបន្តអនុវត្តន៍វិធានការការពារ ការចម្លងជំងឺកូវីដ១៩។ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយកុំសន្តិភាពនិយមជាមួយវីរុសនេះ និងត្រូវចងចាំថា «យើងងាយភ្លេចពីវីរុសកូវីដ១៩ តែវីរុសក្ខវីដ១៩ មិនងាយភ្លេចយើង» នោះឡើយ។
លោកស្រីបន្តក្រើនរំលឹកថា ការចម្លងវីរុសក្ខវីដ១៩នេះ គឺអាចកើតមានគ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងទាំងអស់។
សូមបញ្ជាក់ថា បន្ទាប់ពីការស្ងប់ស្ងាត់អស់ជាងមួយខែនៅក្នុងសប្តាហ៍នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួនពីរនាក់ទៀត។ អ្នកឆ្លងពីរនាក់ទៀត សុទ្ធតែជាករណីនាំចូលពីក្រៅប្រទេស ដោយមួយករណីមកពីហ្វីលីពិន និងមួយករណីទៀតមកពីអាមេរិក។
មកដល់ពេលនេះកម្ពុជារកឃើញអ្នកឆ្លងជំងឺសរុប១២៤នាក់ ប៉ុន្តែ១២២នាក់ ព្យាបាលជាសះស្បើយ។ នៅសល់តែអ្នកទើបកើតថ្មីពីរនាក់ប៉ុណ្ណោះ កំពុងស្ថិតក្រោមការព្យាបាលយ៉ាងយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យ៕