(បាត់ដំបង)៖ លោកបណ្ឌិត ហែម ថេង សមាជិកគណៈកម្មាធិការកណ្តាលបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកបាណន់ ខេត្តបាត់ដំបង និងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយមូលដ្ឋានឃុំភ្នំសំពៅ បានបន្តក្រើនរំលឹកប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្ន និងការពារខ្លួនពី COVID-19 ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ខណៈកម្ពុជាទើបរកឃើញ ២ករណីថ្មី។

លោកក្រើនរំលឹកបែបនេះ ក្នុងឱកាសចុះចែកស្បៀងអាហារដល់ជនក្រីក្រខ្វះខាតស្បៀងចំនួន ៣៤គ្រួសារ នៅឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០។

លោកបណ្ឌិត ហែម ថេង បានផ្តាំថា ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងរោគCOVID-19 រលកទី២ដ៏សាហាវនេះកុំឲ្យមានឆ្លងបន្តទៀតនោះ សូមប្រជាពលរដ្ឋទាំងអស់នាំគ្នាអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល តាមរយៈសម្អាតអនាម័យជាប្រចាំ គឺលាងដៃនឹងសាប៊ូ លាងដៃជាមួយអាល់កុល និងជែលឲ្យបានញឹកញាប់ ជារៀងរាល់ថ្ងៃ មុននិងក្រោយកាន់របស់អ្វីមួយ ឬនៅពេលហូបចំណីអាហារ ព្រមទាំងពាក់ម៉ាសជាប្រចាំ ឬពេលចេញទៅក្រៅផ្ទះដែលមានការចាំបាច់បំផុត។

លោកបណ្ឌិត ហែម ថេង បានឲ្យដឹងថា ការចែកអំណោយនេះ បានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ក្រុមការងារនៅមូលដ្ឋានឃុំ និងដោយឃើញប្រជាពលរដ្ឋនៅក្នុងឃុំមានការខ្វះខាតស្បៀង ខណៈពេល COVID-19 ដែលបានវាយលុកយ៉ាងសហាវ និងក្តៅបំផុតនៅលើពិភពលោក។ ដោយឡែកនៅកម្ពុជា ក៏ត្រូវបានចម្លងរោគនេះចូលពីក្រៅប្រទេសមួយចំនួនផងដែរ។

ក្រុមការងារគណបក្សប្រជាជនកម្ពុជា បានផ្តល់អំណោយជាស្បៀងដល់ពលរដ្ឋទាំង ៣៤គ្រួសារ ដោយម្នាក់ៗទទួលបាន អង្ករ៥០គីឡូក្រាម មី២កែស ត្រីខកំប៉ុង៣យួរ មុង១ ភួយ១ សារ៉ុង១ ក្រមា១ និងថវិកា៥ម៉ឺនរៀល។ នេះជាលើកទី៣ហើយ ដែលក្រុមការងារបានចែកជូនជនក្រីក្រ ក្នុងនោះលើកទី១ ចែកជូនជនក្រីក្រចំនួន ១៦០គ្រួសារ និងលើកទី២ចំនួន ១៥០គ្រួសារ។

ក្នុងឱកាសនោះដែរ លោក ហែម ថេង បានបន្តសំណេះសំណាលជាមួយសមាជិក សមាជិកបក្ស ស្រុក ឃុំ ភូមិទាំងអស់ថា ក្នុងនាមក្រុមការងារបក្សប្រជាជន ត្រូវបន្តខិតខំប្រឹងប្រែងធ្វើការងារបក្សមូលដ្ឋាន ពិសេសបម្រើប្រជាពលរដ្ឋលើគ្រប់វិស័យ ការងារមនុស្សធម៌ជូនពួកគាត់ឲ្យបានល្អ ធ្វើយ៉ាងណាពង្រឹងសមាជិកចាស់ ពង្រីកសមាជិកថ្មីឲ្យបានច្រើន និងមានទំនុកចិត្តពីពួកគាត់ដើម្បីទទួលបានកាគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជន នៅអាណត្តិក្រោយៗជាបន្តបន្ទាប់ទៀត ដើម្បីជូនគណបក្សប្រជាជន បន្តដឹកនាំប្រទេសជាតិឈានទៅរកការរីកចម្រើន និងអភិវឌ្ឍន៍ជាតិដល់កូនចៅជំនាន់ក្រោយតទៅ។

បន្ទាប់មក លោកប្រធានបានដោះស្រាយបញ្ហាផ្សេងៗ ជូនតាមសំណូមពរនៅមូលដ្ឋានតាមភូមិនានា និងជូនអ្នកចូលរួមម្នាក់ក្រមា១ និងថវិកាម្នាក់ ៥ម៉ឺនរៀលផងដែរ៕