(ភ្នំពេញ)៖ សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការការពារ សិទ្ធិមានសេរីភាព និងមានសុវត្ថិភាពផ្ទាល់ខ្លួន ត្រូវបានការពារដោយច្បាប់ ដោយមិនអាចមានបុគ្គណាមួយមកបំពានបានឡើយ ទោះបីក្រោមរូបភាពណាមួយនោះទេ។ ការធ្វើសកម្មភាពគំរាមកំហែងដល់អ្នកដទៃ គឺជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
ដើម្បីឱ្យយល់កាន់តែច្បាស់ថា តើការគំរាមកំហែងជាអ្វី? អំពើណាខ្លះដែលចាត់ទុកថាជាការគំរាមកំហែង? ត្រូវបានច្បាប់ផ្តន្ទាទោសកម្រិតណា?
ដូច្នេះថ្ងៃនេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៍មាន FRESH NEWS ក្រោមកិច្ចសហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «ការគំរាមកំហែង» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម៖
ការគំរាមកំហែង គឺជាអំពើគំរាមកំហែងថានឹងប្រព្រឹត្តបទឧក្រិដ្ឋ ឬ បទមជ្ឈិមប្រឆាំងនឹងបុគ្គល កាលបើការគំរាមកំហែងនេះធ្វើឡើងម្តងហើយម្តងទៀត ឬ សម្តែងចេញតាមលិខិត រូបភាព ឬ វត្ថុអ្វីមួយ ។ ចំពោះទោសទណ្ឌវិញ គឺត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ៦ (ប្រាំមួយ) ខែ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ១.០០០.០០០ (មួយលាន) រៀល នេះបើដែលយោងតាមមាត្រា ២៣១ នៃក្រមព្រហ្មទណ្ឌ។
ដោយឡែកក្នុងករណីដែលជាការគំរាមកំហែងថានឹងសម្លាប់វិញ កាលបើគំរាមកំហែងនោះធ្វើឡើងម្តងហើយម្តងទៀត ឬសម្តែងចេញតាមលិខិត រូបភាព ឬ វត្ថុអ្វីមួយ ត្រូវផ្តន្ទាទោសដាក់ពន្ធធនាគារពី ៦ (ប្រាំមួយខែ) ទៅ ២ (ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៤.០០០.០០០ (បួនលាន) រៀល។ ឧទាហរណ៌ៈ ឈ្មោះ «ក» បានសរសេរសារ ទៅកាន់ឈ្មោះ «ខ» ម្តងហើយម្តងទៀត ដោយថានឹងសម្លាប់ឈ្មោះ «ខ» ប្រសិនបើឈ្មោះ «ខ» មិនព្រមឈប់ទាក់ទងស្នេហាជាមួយប្តីរបស់ខ្លួន។ អំពើនេះគឺចាត់ទុកថាជាការគំរាមកំហែងនឹងសម្លាប់ បើយោងតាមមាត្រា ២៣៣ នៃក្រមព្រហ្មទណ្ឌ។
ក្នុងនោះដែរក្រមព្រហ្មទណ្ឌក៏បានចែងចំពោះអំពើគំរាមកំហែង ណាដែលភ្ជាប់ដោយបញ្ជាឱ្យបំពេញលក្ខខណ្ឌអ្វីមួយ ត្រូវទទួលទោសទណ្ឌធ្ងន់ជាងអំពើគំរាមកំហែង ដែលមិនភ្ជាប់ដោយបញ្ជាឱ្យបំពេញលក្ខខណ្ឌអ្វីមួយ ដូចមានចែងក្នុងមាត្រា ២៣២ នៃក្រមព្រហ្មទណ្ឌ បញ្ញត្តិអំពីការគំរាមកំហែងដោយមានបញ្ជាឱ្យបំពេញលក្ខខណ្ឌអ្វីមួយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ២ (ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៤.០០០.០០០ (បួនលាន) រៀល។
ចំណែកឯអំពើគំរាមកំហែងថានឹងសម្លាប់ដោយមានបញ្ជាឱ្យបំពេញលក្ខខណ្ឌអ្វីមួយនិងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ ពិន័យជាប្រាក់ពី ២.០០០.០០០ (ពីរលាន) រៀល ទៅ ៦.០០០.០០០ (ប្រាំមួយលាន) រៀល នេះបើយើងតាមស្មារតីមាត្រា ២៣៤ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ឧទាហរណ៌ៈ បុរសឈ្មោះ «ក» បានគម្រាម លោក «ខ» ថាបើមិនព្រមឈប់ធ្វើសាក្សីឲ្យលោក «គ» ប្រឆាំងនឹងខ្លួន គាត់នឹងសម្លាប់លោក «ខ» ចោល ។
សរុបសេចក្តីមក អំពើទាំងឡាយណាដែលបង្កជាការគំរាមកំហែងដូចបានរៀបរាប់ខាងលើ និងមានចែងក្នុង មាត្រា ២៣១មាត្រា ២៣២ មាត្រា ២៣៣ និងមាត្រា ២៣៤ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា គឺជាបទល្មើសព្រហ្មទណ្ឌ ដែលវាពុំមែនជាសិទ្ធិឡើយ ដូច្នេះសូមបុគ្គលគ្រប់រូប មានការប្រុងប្រយ័ត្នអំពីការប្រើប្រាស់ពាក្យពេចន៍ដែលមានចេតនាក្នុងការគំរាមកំហែងតាម គ្រប់រូបភាព ចៀងវាងពីការទទួលខុសត្រូវព្រហ្មទណ្ឌ។
រៀបរៀងដោយ៖ លោកមេធាវី ថន យូសៀង និងលោក ហេង សុគន្ធ ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥, អ៊ីម៉ែល៖ [email protected], គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group ៕