(ស្វាយរៀង)៖ លោកស្រី សេង វណ្ណសាយ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានមុខព្រួញខេត្តស្វាយរៀង និងលោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង បានចុះត្រួតពិនិត្យប្រព័ន្ធស្រោចស្រពជប់ព្រីង ក្នុងមូលដ្ឋានស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ក្នុងសកម្មភាពចុះពិនិត្យនៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ លោកស្រីរដ្ឋលេខាធិការ បានថ្លែងណែនាំ និងដាក់ចេញនូវវិធានការឲ្យបុគ្គលកាយដីធ្វើទំនប់ ត្រូវកាយដីចេញពីព្រែក និងអូរធម្មជាតិ ឲ្យមានស្ថានភាពដូចសភាពដើមវិញ ព្រមទាំងធ្វើកិច្ចសន្យាកាយចេញដោយខ្លួនឯង យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០។ ដោយទ្បែកចំពោះការស្នើសុំជួសជុល និងអន្តរាគមន៍ក្នុងករណីខ្វះខាតទឹក របស់ប្រជាពលរដ្ឋ ត្រូវធ្វើសំណើពីសហគមន៍កសិករប្រើប្រាស់ទឹក មកមន្ទីរជំនាញតាមរយៈអាជ្ញាធរ ភូមិ ឃុំ និងស្រុក។

ប្រពន្ធ័ធារាសាស្ត្រជប់ព្រីង មានប្រព័ន្ធប្រទ្បាយ ប្រវែង ៥៣គីឡូម៉ែត្រ ដែលមន្ទីរ និងក្រសួងធនធានទឹក និងឧតុនិយម បានជួសជុល និងចុះអន្តរាគមន៍ទាំងរដូវប្រាំង និងរដូវវស្សា ជារៀងរាល់ឆ្នាំ។ ក្នុងឆ្នាំ២០២០នេះ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានជួសជុលប្រទ្បាយមេ ០១ខ្សែ ប្រវែង ៤,៧៣០ម៉ែត្រ និងសំណង់ស្ទាក់ទឹក ០៣កន្លែង និងមានគោលការណ៍ធ្វើការជួសជុលជាបន្តបន្ទាប់ទៀត។

ក្នុងឱកាសនោះ ក្រុមការងារក៏បានចុះទៅពិនិត្យមើលភូមិសាស្ត្រនៃប្រព័ន្ធស្រោចស្រព ពិនិត្យមើលករណីកាយដីធ្វើទំនប់រំលោភព្រែកថ្មី ត្រង់ចំណុចអូរពាម នៅតាមព្រំដែនក្នុងប្រព័ន្ធស្រោចស្រពជប់ព្រីង ព្រមទាំងចុះពិនិត្យមើលប្រទ្បាយមេ ០១ខ្សែ ដែលបានអន្តរាគមន៍ដោយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ប្រវែង ១,៨០០ម៉ែត្រ ផងដែរ៕