(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអង្គភាពជំនាញជុំវិញខេត្ត ព្រមទាំងព្រះសង្ឃ ចុះរៀបចំសណ្តាប់ធ្នាប់ និងសម្អាតអនាម័យសាធារណៈ នៅតាមដងផ្លូវសាធារណៈ និងតំបន់បេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រភ្នំយ៉ាត ស្ថិតក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីលើកកម្ពស់អនាម័យសាធារណៈ និងសោភ័ណភាពខេត្ត។

ក្នុងសកម្មភាពសម្អាតអនាម័យសាធារណៈ ដែលបានធ្វើឡើងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល បានថ្លែងថា ការរួមគ្នាធ្វើអនាម័យបរិស្ថាននាពេលនេះ គឺជាការដាស់តឿន និងណែនាំដល់ប្រជាពលរដ្ឋឱ្យមានការភ្ញាក់រលឹក ព្រមទាំងចូលរួមធ្វើអនាម័យ និងបរិស្ថានក្នុងខេត្តឱ្យមានសោភ័ណភាពល្អ ដើម្បីប្រឡងប្រណាំងទីក្រុងស្អាត ជាពិសេសទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ទៅកម្សាន្តក្នុងខេត្តប៉ៃលិន ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែក ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាព របស់ប្រជាពលរដ្ឋបានកាន់តែប្រសើរឡើង។

លោកអភិបាលខេត្ត បានបញ្ជាក់ថា កន្លងមក រដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលំអបន្ថែម និងការថែទាំ ព្រមទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ ឱ្យបានកាន់តែល្អឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ លើផ្នែកបរិស្ថាន សុខភាព ក៏ដូចជាបន្ថែមគម្រប់បរិស្ថានពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភ័ណភាពធម្មជាតិស្រស់បំព្រង។

នៅក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ គឺត្រូវរួមគ្នាសម្អាតនៅមុខផ្ទះ និងម្ចាស់ទីតាំងអាជីវកម្មរបស់ខ្លួន ឲ្យបានជាប្រចាំ ហើយត្រូវវេចខ្ចប់កាកសំណល់សំរាមឲ្យបានល្អ និងនាំយកទៅទុកដាក់ឲ្យបានត្រឹមត្រូវតាមក្បួនខ្នាត គឺមិនត្រូវបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់នៅតាមទីសាធារណៈនោះទេ ទើបអាចសម្អាតអនាម័យបរិស្ថានបានល្អ និងមានសោភ័ណភាព។

សូមបញ្ជាក់ថា ក្នុងថ្ងៃនោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអង្គភាពជំនាញជុំវិញខេត្ត ព្រមទាំងព្រះសង្ឃ ប្រមាណជាង ២០០អង្គ/នាក់ បានធ្វើការសម្អាតអនាម័យ តាមដងផ្លូវចាប់ពីចំណុចវិមានឯករាជ្យ រហូតដល់តំបន់បេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រភ្នំយ៉ាត ដែលស្ថិតក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន៕