(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានថ្លែងថា នៅថ្ងៃអនាគត កូនឈើនិងដើមផ្កាសាគូរ៉ារាប់ពាន់ដើម នឹងត្រូវបានដាំនៅតាមទីសាធារណៈ និងអមសងខាងផ្លូវទូទាំងខេត្ត ដូច្នេះលោកបានអំពាវនាវឱ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ និងគ្រប់មជ្ឈដ្ឋានទាំងអស់ ហើយរួមគ្នាថែទាំ ដើម្បីលើកកម្ពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងទីក្រុង។
លោកថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញដឹកនាំ មន្ត្រីរាជការតាមមន្ទីរស្ថាប័ន អង្គភាពជុំវិញ និងព្រះសង្ឃ ធ្វើការដាំដើមផ្កាសាគូរ៉ា ចំនួនជាង ១០០ដើម នៅសងខាងផ្លូវបេទីមីន័រ ក្នុងតំបន់រដ្ឋបាលខេត្ត នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០។
លោក ផាន់ ចាន់ធុល បានលើកឡើងថា បច្ចុប្បន្ន រដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលម្អបន្ថែម និងការថែទាំ ព្រមទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ ឱ្យបានកាន់តែល្អឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ លើផ្នែកបរិស្ថាន សុខភាព ក៏ដូចជាបន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភ័ណភាពស្រស់បំព្រង។ សកម្មភាពនេះ ធ្វើឡើងក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ទៅកម្សាន្តក្នុងខេត្តប៉ៃលិន ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។
ជាក់ស្តែង លោកបានដឹកនាំ ថ្នាក់ដឹកនាំ មន្ត្រីរាជការ អង្គភាពជំនាញជុំវិញខេត្ត និងព្រះសង្ឃ ចុះដាំដើមផ្កាសាគូរ៉ា នៅសងខាងផ្លូវបេទីមីន័រ ក្នុងតំបន់រដ្ឋបាលខេត្ត ក្នុងគោលបំណងចង់ឱ្យមន្ត្រីរាជការ និងព្រះសង្ឃ បង្ហាញពីចូលរួមចំណែកក្នុងការងារសង្គម និងការស្រលាញ់បរិស្ថាន ដែលជាគម្រូដ៏ល្អសម្រាប់ប្រជាពលរដ្ឋ និងដើម្បីបង្កើនសាមគ្គីភាព ឯកភាព ប្រកបដោយភាពស្និតស្នាល និងការទទួលខុសត្រូវខ្ពស់។
នៅក្នុងឱកាសនោះ លោក ផាន់ ចាន់ធុល ថែមទាំងបានជំរុញដល់មន្ទីរអង្គភាពជំនាញជុំវិញខេត្តទាំងអស់ ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះការដាំ និងការថែទាំ ទៅតាមគោលដៅរបស់ខ្លួន ដែលរដ្ឋបាលខេត្តបានបែងចែក ដើម្បីរួមចំណែកលើកកំពស់សោភ័ណភាពសាធារណៈក្នុងខេត្ត ក្នុងជាមន្ត្រីរាជការបម្រើជាតិ និងប្រជាជន។
សូមបញ្ជាក់ថា ដើមផ្កាសាគូរ៉ា ដែលយកមកដាំនៅក្នុងតំបន់រដ្ឋបាលខេត្ត នាពេលនេះ គឺជាអំណោយរបស់លោក ផឹង សុភី ម្ចាស់បុរីរតនៈ សាគូរ៉ាប៉ៃលិន ដល់រដ្ឋបាលខេត្ត ហើយដើមផ្កាសាគូរ៉ានេះ គឺប្រភេទរុក្ខជាតិ ដែលធនទៅនឹងអាកាសធាតុ ងាយស្រួលក្នុងការដាំដុះ និងថែទាំ៕