(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាគណៈកិត្តិយសសាខាកាតបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ បន្តធ្វើអនាម័យជាប្រចាំ មិនត្រូវភ្លេចការប្រយ័ត្នចំពោះកូវីដ១៩ (COVID-19) ខណៈស្ថានភាពនៅកម្ពុជា នៅតែមានអ្នកឆ្លងថ្មី។
លោកស្រី ម៉ែន សំអន ក្រើនរំលឹកបែបនេះ ក្នុងឱកាសលោកស្រីនាំអំណោយសប្បុរសធម៌ ផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រចំនួន ៥៤គ្រួសារ រស់នៅស្រុករមាសហែក ខេត្តស្វាយរៀង នាពេលព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០។
ក្នុងនាមជាគណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងនាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំងទ្វេរតែងតែយកចិត្តទុក្ខដាក់ ចំពោះប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនឲ្យមានប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយដាច់បាយឡើយ។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តន៍ ៣ចំណុច៖
១៖ ប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ៗក្រុមគ្រួសារ ក្នុងការចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលនៃកូវីដ១៩ ជាពិសេស មិនត្រូវភ្លេចខ្លួននោះទេ ដោយសារតែប្រទេសកម្ពុជា ទើបនឹងរកឃើញអ្នកឆ្លងថ្មីចំនួន២នាក់ទៀត ហើយត្រូវតែបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសារាចរណែនាំ និងវិធានការណ៍ជាច្រើនរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។
២៖ ត្រូវអនុវត្តជំរុញការងារកសិកម្មក្នុងការដាំដុះ ចិញ្ចឹមសត្វ នៅក្នុងមូលដ្ឋាន ជាពិសេសត្រូវរក្សាទុក្ខនូវស្បៀងអាហារដូចជា អង្គរ អំបិល ប្រហុក ត្រី សាច់ ប្រសិនបើជំងឺកូវីដ១៩នេះនៅតែអូសបន្លាយ។
៣៖ ត្រូវចូលរួមទាំងអស់គ្នាក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោគ ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ និងការបាត់បង់អាយុជីវិតតែម្តង៕