(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយ័ត្នថែរក្សាអនាម័យ រក្សាគម្លាត ដើម្បីការពារទប់ស្កាត់ ចំពោះជំងឺឆ្លងកូវីដ-១៩។
ការអំពាវនាវបែបនេះ របស់លោក សុខ លូ បានធ្វើឡើងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ នៅក្នុងពិធីចែកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន៨០គ្រួសារ នៅបីទីតាំងផ្សេងគ្នា ក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួម ពីសំណាក់អាជ្ញាធរ មូលដ្ឋានយ៉ាងច្រើនផងដែរ។
លោកអភិបាលខេត្ត ក៏បានពាំនាំនូវប្រសាសន៍ ផ្ដាំផ្ញើការសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរ យកចិត្តទុកដាក់ អំពីសុខទុក្ខប្រជាពលរដ្ឋ និងមិនទុកឱ្យប្រជាពលរដ្ឋរបស់យើងណាម្នាក់ អត់ស្បៀងស្លាប់នោះទេ។
លោក សុខ លូ បានបន្តថា កាលពីសប្តាហ៍មុនប្រទេសកម្ពុជា បានព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩ បានជាសះស្បើយទាំង១២២នាក់។ ប៉ុន្តែថ្មីៗនេះ ប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន២នាក់ដែលវិលត្រឡប់មកពីបរទេស។
លោកបានលើកឡើងថា ជំងឺរលាកផ្លូវដង្ហើមកូវីដ១៩ នេះគឺកាចសាហាវខ្លាំងណាស់ ដែលកំពុងវាយលុកលើប្រទេសជាច្រើន ដូច្នេះសូមពុកម៉ែបងប្អូន ត្រូវមានការយល់ដឹង និងប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺឆ្លងកូវីដ-១៩ថ្មីនេះ ត្រូវបង្កើនអនាម័យសុខភាពរស់នៅឱ្យបានល្អ ត្រូវពាក់ម៉ាស ឬក្រម៉ា ហើយត្រូវដុសលាងសម្អាតដៃឱ្យបានស្អាតជាប្រចាំជាមួយសាប៊ូ, ទឹកអាល់កុលជាដើម។ បើមានការសង្ស័យទៅលើអ្នកណាម្នាក់ ឬចំពោះខ្លួនឯងផ្ទាល់ សូមទូរស័ព្វមកលេខ ១១៥។ កន្លែងណាដែលមិនចាំបាច់ទៅ សូមកុំទៅ ជាពិសេសទីកន្លែងដែលមានក្រុមមនុស្សច្រើន សូមស្តាប់តាមការផ្សព្វផ្សាយរបស់អាជ្ញាធរមូលដ្ឋាន និងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជានិច្ច។
ជាមួយគ្នានោះដែរ លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់សូមខិតខំស្វែងយល់ និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីការពារអាយុជីវិតខ្លួនឯង នឹងក្រុមគ្រួសាររបស់យើង ជាពិសេសកាត់បន្ថយបាននូវការគ្រោះថ្នាក់ចរាចរណ៍ និងខិតអប់រំកូនចៅយើង ជៀសឱ្យឆ្ងាយពីគ្រឿងញៀន ប្រសិនបើមាននរណាម្នាក់ៗសង្ស័យពាក់ព័ន្ធបញ្ហាគ្រឿងញៀន សូមរាយការណ៍ទៅអាជ្ញាធរភូមិ-ឃុំ ដើម្បីយកពួកគាត់ទៅបន្សាប ឬក៏ព្យាបាល និងខិតខំប្រកបមុខរបរបង្កបង្កើនផលធ្វើស្រែចម្ការ ដើម្បីបង្កើនជីវភាពរស់នៅប្រចាំថ្ងៃបន្ថែមទៀត និងជំរុញកូនសិក្សារៀនសូត្រដែលក្រសួងអប់រំ យុវជន និងកីឡា បានដាក់កម្មវិធីសិក្សាតាមអនឡាញនៅប៉ុសិ៍ទូរស្សន៍។
ក្នុងឱកាសនោះលោក និងលោកស្រីបានចែកជូនអំណោយដល់ប្រជាពលរដ្ឋខ្វះខាតនាពាលនេះរួមមាន ក្នុងមួយគ្រួសារៗទទួលបានអង្ករ ២៥ គីឡូ ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១ យួរ មី ១កេស និងសាប៊ូ ១ដុំ៕