(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញសាទរចំពោះអត្រាធ្លាក់ចុះនៃគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេល ២៦ថ្ងៃ បើធៀបនឹងរយៈពេល ដូចគ្នាឆ្នាំ២០១៩ និងធៀបនឹងខែមេសា ឆ្នាំ២០២០។
សូមបញ្ជាក់ថា រយៈពេលដូចគ្នាឆ្នាំ២០១៩ គឺគ្រោះថ្នាក់បានថយចុះ ១១២លើក ស្មើនឹង៣៨ភាគរយ, អ្នកស្លាប់បានថយចុះ ៣៤នាក់ ស្មើនឹង ២៦ភាគរយ, អ្នករបួសថយចុះ ១៦៥នាក់ ស្មើនឹង ៣១ភាគរយ ហើយបើធៀបនឹងរយៈពេលដូចគ្នាកាលពីខែមេសាកន្លងទៅ មានអ្នកស្លាប់ថយចុះ ៧នាក់ រងរបួសបានថយចុះរហូតដល់ ៨២នាក់។
សម្តេចក្រឡាហោម បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ អភិបាលរាជធានី/ខេត្ត ព្រមទាំងអង្គការសង្គមស៊ីវិលដែលធ្វើការក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើជួយដូរមនុស្ស យ៉ាងច្រើនផងដែរ។
សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា ចាប់តាំងពីថ្ងៃទី១ ខែឧសភារហូតមកដល់ថ្ងៃនេះ មានអ្នករិះគន់ប្រមាណមិនដល់ ១ភាគរយទេ ដែលបានយល់ខុស ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល និងនគរបាលចរាចរណ៍។ សម្ដេចបានបញ្ជាក់ជាថ្មីទៀតថា ប្រសិនបើប្រជាពលរដ្ឋអ្នកដំណើរមិនប្រព្រឹត្តខុសអ្វីពេលកំពុងបើកបរ គឺគ្មានសមត្ថកិច្ចណាឃាត់សួរនាំ រកឯកសារនោះទេ។
ផ្អែកលើលទ្ធផលនេះ សម្ដេចក្រឡាហោម បានសង្កត់ធ្ងន់ថា វិធានការនេះនឹងមិនត្រូវដកថយជាដាច់ខាត គឺសមត្ថកិច្ចត្រូវបន្តធ្វើ និងប្រកបដោយការយកចិត្តទុកដាក់ក្នុងការគោរពសីលធម៌វិជ្ជាជីវៈ មានភាពទន់ភ្លន់ តែម៉ឺងម៉ាត់ ដើម្បីបានការគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋ។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ពេលនេះការគោរពច្បាប់ចរាចរណ៍នៅកម្ពុជាបានដើរដល់របត់ថ្មីមួយហើយ ហើយនេះគឺជាកិត្តិយសរបស់ជាតិ និងជាការការពារអាយុជីវិត និងសេចក្ដីសុខរបស់ប្រជាពលរដ្ឋ ដែលយើងត្រូវតែបន្តបេសកកម្មនេះដោយគ្មានការដកថយ៕