(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ការដោះលែងអ្នកទោស ដើម្បីបន្ធូរបន្ថយភាពចង្អៀតណែន នៅក្នុងពន្ធនាគារ គឺធ្វើឡើងតែចំពោះទណ្ឌិត ដែលបានប្រព្រឹត្តបទល្មើសស្រាលៗ ហើយមានការកែប្រែខ្លួនល្អតែប៉ុណ្ណោះ។
ការបញ្ជាក់របស់ លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានធ្វើឡើងក្រោយបញ្ចប់ពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលរៀបចំឡើងនៅក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើនទៀត។
ឡើងនៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ អភិបាលរាជធានី/ខេត្ត ព្រមទាំងអង្គការសង្គមស៊ីវិលដែលធ្វើការក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើជួយដូរមនុស្ស យ៉ាងច្រើនផងដែរ។
ឆ្លើយនឹងសំណួរអ្នកសារព័ត៌មាន ក្រោយបញ្ចប់ពិធីនេះ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការអនុវត្តនីតិវិធីទាំងអស់ យើងត្រូវអនុវត្តទៅតាមច្បាប់ ហើយច្បាប់បានអនុញ្ញាតឱ្យធ្វើដូច្នេះ បទល្មើសស្រាល ហើយគាត់កែប្រែខ្លួនបានល្អ ច្បាប់អនុញ្ញាតឱ្យធ្វើ ហើយយើងព្យាយាមគ្រប់គ្រងមុខសញ្ញាថាគាត់នៅមានភាពមិនរាងចាល ឬក៏គាត់កែប្រែខ្លួន អញ្ចឹងប្រសិនបើគាត់បានចេញហើយ គាត់មិនបានកែប្រែខ្លួនទេ អាហ្នឹងច្បាប់នឹងអនុវត្តបន្តទៀត»។
បើតាម រដ្ឋមន្រ្តីថ្មីក្រសួងយុត្តិធម៌ គឺនីតិវិធីនេះ ក្រសួងយុត្តិធម៌បានចាប់ផ្តើមអនុវត្តនីតិវិធីហើយ ដែលដល់ពេលវេលាមួយ តុលាការសម្រេច អាចនឹងការសម្រេចចំពោះករណីមួយចំនួន ដោយអាចដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតុលាការ ជំនួសដោយការជាប់ពន្ធនាគារ។
សូមបញ្ជាក់ថា ក្រោយចូលកាន់តំណែត លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ បានប្រកាសបើកយុទ្ធនាការដោះស្រាយបញ្ហាកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានីខេត្ត ដើម្បីកាត់បន្ថយភាពចង្អៀតណែន នៅក្នុងពន្ធនាគារនៅកម្ពុជា ដែលបណ្តាលមកពីការឃុំខ្លួនបណ្តោះអាសន្ន។
បើតាមរបាយការណ៍ក្រសួងយុត្តិធម៌ រហូតមកដល់ពេលនេះ សំណុំរឿងដែលកំពុងចាត់ការនៅតាមសាលាដំបូងរាជធានី-ខេត្ត មានចំនួន៣៩,១៥២ សំណុំរឿង (គ្រឿងញៀនមានចំនួន ៦,២៦០សំណុំរឿង) និងមានអ្នកជាប់ឃុំសរុបមានចំនួន ១២,៦៥១នាក់ (អ្នកជាប់ឃុំនៅក្នុងសំណុំរឿងគ្រឿងញៀនមានចំនួន ៦,៩០០នាក់)។
តាមទិន្នន័យដែលក្រសួងប្រមូលបាន គ្រាន់តែនៅសាលាដំបូងរាជធានីភ្នំពេញ សំណុំរឿងដែលនៅសល់មិនទាន់ចាត់ការរួចពីឆ្នាំ២០១៩ មានរហូតដល់១២,០០០សំណុំរឿង ហើយសំណុំរឿងដែលចូលថ្មី មានជាមធ្យមប្រមាណពី៧០០រឿង ទៅ៩០០រឿងក្នុងមួយខែ ដែលបានធ្វើឲ្យសាលាដំបូងរាជធានីភ្នំពេញ ក្នុងស្ថានភាពបច្ចុប្បន្ន មិនអាចឆ្លើយតបដោះស្រាយបញ្ហាប្រឈមនេះបានដោយខ្លួនឯងនោះទេ៕