(ក្រចេះ)៖ កងកម្លាំងរាជអាវុធហត្ថស្រុកចិត្របុរី ខេត្តក្រចេះ ក្រោមបញ្ជាផ្ទាល់របស់លោកឧត្ដមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថ ដោយមានការសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាសាលាដំបូងខេត្ត ដឹកនាំដោយលោក អ៉ឹម ចិត្រា មេបញ្ជាអាវុធហត្ថស្រុកចិត្របុរី នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ បានបង្រ្កាបរថយន្ដសាំងយ៉ុងដឹកឈើគ្មានច្បាប់អនុញ្ញាត១គ្រឿង នៅម្ដុំសាលាដំបូងខេត្តក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ប្រគល់ជូនរដ្ឋបាលព្រៃឈើ ចាត់ការតាមច្បាប់។

លោក អ៉ឹម ចិត្រា បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹកថា កម្លាំងរបស់លោកបានប្រទះឃើញរថយន្ដ ១គ្រឿងនេះដឹកឈើតាំងពីចំណុចភូមិថ្មក្រែ ឃុំថ្មក្រែ ស្រុកចិត្របុរី រហូតមកដល់ម្ដុំសាលាដំបូងខេត្តទើបបង្រ្កាបបាន។ ដោយឡែកម្ចាស់ឡានខាងលើ បានបើកទ្វារត់គេចខ្លួនភ្លាមៗ។

លោកមេបញ្ជការស្រុករូបនេះ បានបន្តថា រថយន្ដសាំងយ៉ុង ១គ្រឿងនេះ បានដឹកឈើប្រភេទឈើឃ្លុំ (ឈើឈ្លីក) ជិតពេញរថយន្ដតែម្ដង។

បច្ចុប្បន្នឈើ និងរថយន្ដត្រូវបានប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ យកទៅរក្សាទុកនៅស្ថានីយ៍បណ្ដុះកូនឈើខ្សា ដើម្បីធ្វើការវាសវែង និងចាត់ការតាមច្បាប់រដ្ឋបាលព្រៃឈើ៕