(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានស្នើសមត្ថកិច្ចតាមបន្ទាត់ព្រំដែនទាំងអស់ ជាពិសេសរដ្ឋបាលដែនដី កម្លាំងកងយោធពលខេមរភូមិន្ទ កងកម្លាំងនគរបាលជាតិ និងមន្រ្តីសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត រួមសហការគ្នាទប់ស្កាត់ ប្រជាពលរដ្ឋលួចឆ្លងដែនចូលប្រទេសថៃ និងចាប់មេខ្យល់យកមកផ្តន្ទាទោសតាមច្បាប់។
ការស្នើបែបនេះ របស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ អភិបាលរាជធានី/ខេត្ត ព្រមទាំងអង្គការសង្គមស៊ីវិលដែលធ្វើការក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងអំពើជួយដូរមនុស្ស យ៉ាងច្រើនផងដែរ។
សម្តេចក្រឡាហោមបានស្នើយ៉ាងដូច្នេះថា៖ «ទាក់ទងនឹងការលួចឆ្លងកាត់ព្រំដែនត្រឡប់ទៅថៃវិញ សូមឱ្យបណ្តាខេត្តជាប់ព្រំដែន ខិតខំប្រមូលកម្លាំង ដើម្បីជួយទប់ស្កាត់ ជាពិសេសព្រំដែនបានបិទហើយ ដូច្នេះនៅតែតាមច្រករបៀង ហើយមេក្លោងហ្នឹងពិតជាអ្នកជួញដូរហើយ អញ្ចឹងសូមឱ្យយកចិត្តទុកដាក់ ទាក់ទងនឹងបញ្ហានេះ ព្រោះទៅដល់ណុងវាខុសច្បាប់ (ប្រទេសថៃ) ហើយប្រទេសថៃ បន្តដាក់ប្រទេសក្នុងគ្រា មានអាសន្ននៅឡើយ ដូច្នេះ អ្នកឆ្លងដែនក៏ខុសច្បាប់ អ្នកនាំទៅក៏រឹតតែខុសច្បាប់ ហើយឃុបឃិតក្រុមហ៊ុនឯកជននៅថៃ […] អញ្ចឹងខ្ញុំសូមស្នើទៅសមត្ថកិច្ច នៅតាមព្រំដែនទាំងអស់ ជាពិសេសរដ្ឋបាលដែនដី កម្លាំងកងយោធពលខេមរភូមិន្ទ កងកម្លាំងនគរបាលជាតិ និងមន្រ្តីសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត រួមសហការគ្នាទប់ស្កាត់ប្រជាពលរដ្ឋលួចឆ្លងដែនចូលប្រទេសថៃ និងចាប់មេខ្យល់យកមកផ្តន្ទាទោស»។
ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធ ព្រមទាំងដៃគូជាតិ និងអន្តរជាតិទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ និងទទួលបានលទ្ធផលជាបន្តបន្ទាប់ ទោះបីមានការប្រឈមនឹងបញ្ហាថ្មីៗក៏ដោយ។ សម្ដេចបានមានប្រសាសន៍ថា បញ្ហាថ្មីៗចុងក្រោយនេះ គឺការប្រឈមមុខនឹងបញ្ហាជីវភាពរបស់ពលរដ្ឋ ពិសេសមុខសញ្ញាងាយរងគ្រោះ ក្នុងអំពើជួញដូរមនុស្ស និងក្រុមប្រជាពលរដ្ឋជាពលករ ដែលប៉ុនប៉ងលួចឆ្លងដែនចូលទៅប្រទេសថៃ។
សម្ដេចក្រឡាហោម ស ខេង ក៏បានបន្តជំរុញលើកទឹកចិត្ត ឱ្យបង្កើនការផ្សព្វផ្សាយអំពីហានីភ័យ សម្រាប់ពលករនៅក្រៅប្រទេស ដោយត្រូវសហការជាមួយស្ថានទូត នៅប្រទេសមានពលករទៅធ្វើការ នូវលទ្ធភាពផ្សេងៗដែលអាចនាំឱ្យងាយរងគ្រោះ ដោយអំពើកេងប្រវ័ញ្ច និងការជួញដូរក្រោមរូបភាពផ្សេងៗ។
សម្ដេចឧបនាយករដ្ឋមន្ត្រី ក៏បានកត់សំគាល់អំពីលទ្ធផល នៃការបង្ក្រាបអំពើជួញដូរមនុស្ស និងនីតិវិធីតុលាការពាក់ព័ន្ធនឹងការងារនេះដែរ។
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានគូសបញ្ជាក់អំពីស្ថានភាពប្រឈម នៃអំពើជួញដូរមនុស្សនាពេលចុងក្រោយនេះ ដែលកើតឡើងដោយសារការនាំពលរដ្ឋឆ្លងដែនដោយខុសច្បាប់ ពិសេសឆ្លងដែនពីកម្ពុជាចូលទៅកាន់ប្រទេសថៃ នៅក្នុងពេលប្រទេសថៃ បានរឹតបន្តឹងទាំងផ្ទៃក្នុងប្រទេស និងតាមបន្ទាត់ព្រំដែន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលទាមទារឱ្យភាគីពាក់ព័ន្ធយកចិត្តទុកដាក់ ដោះស្រាយបញ្ហាប្រឈមថ្មីនេះជាចាំបាច់។
លោកស្រីបានបញ្ជាក់ថា កាលពីឆ្នាំ២០១៩ អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បានតាមដានស្រាវជ្រាវបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទសរុបចំនួន១៦៩លើ ១៣៤ករណី កើន៣៥ករណី ស្មើនឹង២៦.១១ភាគរយ ឃាត់ខ្លួនជនសង្ស័យបាន២២៩ លើ២២៤នាក់ ធៀបនឹងឆ្នាំ២០១៨ និងបានសង្គ្រោះជនរងគ្រោះចំនួន៤៥៦នាក់លើ២៣០នាក់ ព្រមទាំងបានផ្ដន្ទាទោសជនល្មើសបានជាច្រើនកររណីទៀត៕