(ភ្នំពេញ)៖ អភិបាលខេត្តកំពង់ធំ លោក សុខ លូ ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកំពង់ធំ» បានប្រៀបខេត្តរបស់ខ្លួនទៅដូចជាគ្រាប់ពេជ្រ ដែលមិនទាន់កែច្នៃ ដោយហេតុថា ខេត្តមួយនេះ មានសក្ដានុពលខ្លាំងអំណោយផលពីធម្មជាតិ និងសេដ្ឋកិច្ច វប្បធម៌សង្គម សម្រាប់កិច្ចដំណើរការអភិវឌ្ឍ។
តាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក សុខ លូ បានអះអាងថា ខេត្តកំពង់ធំ មានសក្ដានុពលខ្លាំងទៅលើដំណាំស្រូវ និងកៅស៊ូ ព្រមទាំងដំណាំរួមផ្សំជាច្រើនទៀត មានដូចជា ដំឡូងមី, ស្វាយចន្ទី, ដំឡូងមី, ស្វាយកែវល្មៀតជាដើម។
បើទោះបីខេត្តមួយនេះ មានសក្ដានុពលលើវិស័យកសិកម្មក៏ពិតមែន ប៉ុន្ដែលោកអភិបាលខេត្ត បានបញ្ជាក់ថា ខេត្តមិនទាន់មានរោងចក្រកែច្នៃផលិតផលសម្រេច នៅឡើយទេ ពោលនៅពេលប្រមូលផលបានម្ដងៗ បន្ទាប់ពីលក់ដូរក្នុងតំបន់ហើយនោះ ប្រជាកសិករ បានលក់ឲ្យឈ្មួញដើម្បីនាំចេញទៅប្រទេសជិតខាង ដែលមានប្រទេសថៃ និងប្រទេសវៀតណាមជាដើម។
លោកអភិបាលខេត្តកំពង់ធំ បានបន្ដទៀតថា តម្រូវការចាំបាច់នៅពេលនេះ ខេត្តត្រូវការអ្នកវិនិយោគ ដើម្បីមកវិនិយោគសាងសង់រោងចក្រកែច្នៃ ផលិតផលសម្រេច ឬឡសម្ងួតស្រូវ ដូច្នេះលោកអំពាវនាវអ្នកវិនិយោគ គួរងាកមកវិនិយោគលើវិស័យនេះនៅខេត្តកំពង់ធំ ដែលមានសក្ដានុពលខ្លាំង និងជាខេត្តមួយដែលនៅកណ្ដាលប្រទេសកម្ពុជា។
លោក សុខ លូ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវអ្នកវិនិយោគផ្នែកវិស័យកសិកម្មនេះ នៅខេត្តកំពង់ធំបាន [...] បើមានអ្នកវិនិយោគផ្នែកកសិកម្ម ពិសេសលើដំណាំស្រូវការកែច្នៃ និងកៅស៊ូនេះ បើមានរោងចក្រកែច្នៃ ខ្ញុំជឿថាផលិតផល គឺមិនខ្វះទេ។ សព្វថ្ងៃថ្វីត្បិតតែយើងមានរោងម៉ាស៉ីនកិនស្រូវ ឡសម្ងួត គឺមិនគ្រប់គ្រាន់តែ ហើយពេលខ្លះប្រជាកសិករពេលផលិតស្រូវបានមិនដឹងធ្វើមិច គាត់ត្រូវបង្ខំចិត្តលក់ទាំសើចទៅប្រទេសជិតខាង ព្រោះយើងមិនអាចទិញគាត់បានទាំងអស់»។
បើតាមការលើកឡើងរបស់លោក សុខ លូ ផ្ទៃដីដាំដុះស្រូវនៅខេត្តកំពង់ធំ មានសរុបចំនួន ២៩០,៣៤៥ហិចតា ក្នុងនោះស្រូវប្រាំងសរុបចំនួន ៦៥,៤៥៥ហិចតា ផ្ទៃដីប្រមូលផលសរុបចំនួន ២៨៦,៩៦២ហិចតា បរិមាណផលសរុបចំនួន ៨៦៩,៧០៧តោន ទិន្នផលជាមធ្យម ៣តោន/ហិចតា។
ជារួមតុល្យភាពស្បៀងប្រចាំឆ្នាំ២០១៩ ក្រោយកាត់ទុក១៣% សម្រាប់ធ្វើពូជ ចំណីសត្វ និងសម្រាប់តម្រូវការហូបចុកក្នុងខេត្ត នៅសល់ស្រូវចំនួន៥៨២,៦២០តោន គិតជាអង្ករស្មើនឹង ៣៧២,៨៧៧តោន។ ខណៈតម្លៃស្រូវ ៥,៤៥១ ចន្លោះពី៨១០-៨២០ រៀល/គីឡូក្រាម ហើយឡសម្ងួតស្រូវមានចំនួន ៣០ឡ មានសមត្ថភាពសម្ងួតបាន ២.៥តោន/ម៉ោង។
ដោយឡែក ដំណាំកៅស៊ូ ផ្ទៃដីដាំដុះសរុបចំនួន៧០,២៣៥.៧ហិចតា (កៅស៊ូក្រុមហ៊ុនចំនួន ៦១,៦៧២.៤៩ហិចតា និងកៅស៊ូគ្រួសារ ៨,៥៦៣.២១ហិចតា) ផ្ទៃដីចៀជ័រសរុបចំនួន ៤៥,៧៩៣.៦៥ហិចតា (ក្រុមហ៊ុន ៤០,៧៦២.៦៥ហិចតា និងគ្រួសារ ៥,០៣១ហិចតា) ដោយស្រូបយកម្លាំងពលកម្មសរុបចំនួន ៥,៧១៥នាក់ និងមានតម្រូវការបន្ថែមចំនួន ១,២៩៤នាក់។ ជាមួយគ្នានេះ ខេត្តកំពង់ធំ មានរោងចក្រកែច្នៃជ័រកៅស៊ូចំនួន០៤ ក្នុងចំណោម ផែនការសាងសង់ចំនួន ០៧។
អភិបាលខេត្តកំពង់ធំរូបនេះ បានគូសបញ្ជាក់ថា ប្រសិនបើមានអ្នកវិនិយោគលើវិស័យនេះ លោកជឿជាក់ថា កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ នឹងកើនឡើងបន្ថែមទៀត ដែលនេះជាបំណងប្រាថ្នាក់ធំមួយក្នុងចំណោមបំណងប្រាថ្នាផ្សេងទៀត ដែលលោកចង់បានដើម្បីប្រជាពលរដ្ឋទាំងមូល៕