(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ បានទទួលជួបសម្ដែងការគួរសមជាមួយ លោកបណ្ឌិត ប៉ិច សុខេម នាយកប្រតិបត្តិនៃវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (Cambodian Development Resource Institute - CDRI) ដែលទើបត្រូវបានជ្រើសតាំង និងចូលកាន់តំណែងកន្លងទៅនេះ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរជាមួយនឹងលោកបណ្ឌិត ប៉ិច សុខេម ក្នុងការទទួលតួនាទីថ្មី ជានាយកប្រតិបត្តិរបស់វិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា ។ ទន្ទឹមនេះ, អគ្គបណ្ឌិតសភាចារ្យ ក៏ថ្លែងអំណរគុណដល់វិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា ក្នុងការបន្តរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា តាមរយៈការសិក្សាស្រាវជ្រាវនានា ពាក់ព័ន្ធនឹងគោលនយោបាយ តាមវិស័យសំខាន់ៗនារយៈពេលជិត០៣ទសវត្សរ៍មកនេះ។
អគ្គបណ្ឌិតសភាចារ្យ ក៏បានធ្វើការចង្អុលបង្ហាញបន្ថែមទាក់ទិន នឹងកិច្ចសហការរួមគ្នារវាងឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា លើកិច្ចការស្រាវជ្រាវគោលនយោបាយជាយុទ្ធសាស្រ្ដ ដើម្បីបម្រើជាធាតុចូលដ៏សំខាន់ ក្នុងការកសាងគោលនយោបាយអភិវឌ្ឍន៍ជាតិ។ បន្ថែមពីនេះទៀត, ដើម្បីធ្វើឱ្យការសិក្សាស្រាវជ្រាវ របស់វិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា មានភាពប្រទាក់ក្រឡាគ្នាដ៏ស្អិតរមួតជាមួយតម្រូវការគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា អគ្គបណ្ឌិតសភាចារ្យ បានផ្ដល់ជាអនុសាសន៍បន្ថែម ដល់វិទ្យាស្ថានទៅលើប្រធានបទ ដែលគួរធ្វើការសិក្សាឱ្យស៊ីជម្រៅបន្ថែមទៀតរួមមាន៖ ការកសាងគោលនយោបាយសេដ្ឋកិច្ចឌីជីថល, ការប្រែប្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ចសកលលោក ក្រោយជំងឺកូវីដ-១៩, ការធ្វើឱ្យមានតុល្យភាពឡើងវិញ រវាងគោលនយោបាយកំណើនពឹងលើការនាំចេញ និងសេដ្ឋកិច្ចពឹងផ្អែកលើខ្លួនឯង, ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ។ល។
អគ្គបណ្ឌិតសភាចារ្យ ក៏ធ្វើការគូសបញ្ជាក់បន្ថែមទៀតផងដែរថា រាជរដ្ឋាភិបាលបាន និងកំពុងកសាងឯកសារទស្សនវិស័យកម្ពុជា ក្នុងការប្រែក្លាយខ្លួនជាប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ឆ្នាំ ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់ឆ្នាំ ២០៥០ ដែលទស្សនវិស័យនេះជាគោលដៅរួម របស់ប្រជាជាតិកម្ពុជាទាំងមូល ហើយរាជរដ្ឋាភិបាលក៏មានតម្រូវការ ជាធាតុចូលនានាបន្ថែមដែរពីដៃគូពាក់ព័ន្ធ។
ក្នុងន័យនេះ, វិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា គួរពិចារណាដាក់ប្រធានបទពាក់ព័ន្ធ នឹងការកសាងគោលនយោបាយគាំទ្រការអភិវឌ្ឍជំនាញ និងស្រូបទាញមូលធន និងបច្ចេកវិទ្យា ជារបៀបវារៈក្នុងការសិក្សាស្រាវជ្រាវ របស់ខ្លួនផងដែរ ។
លោកបណ្ឌិត ប៉ិច សុខេម ក៏បានគោរពថ្លែងអំណរគុណ ដល់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក្នុងការចែករំលែកអនុសាសន៍នានា សម្រាប់ជាទិសដៅសិក្សាស្រាវជ្រាវនាពេលខាងមុខ ហើយវិទ្យាសា្ថនបណ្ដុះបណ្ដាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា នឹងបន្តប្ដេជ្ញារួមចំណែកយ៉ាងសកម្ម ក្នុងការសិក្សាស្រាវជ្រាវលើប្រធានបទថ្មីៗ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ក៏បានជូនពរលោកបណ្ឌិត ប៉ិច សុខេម និងសហការី ទទួលបានជោគជ័យលើការសិក្សាស្រាវជ្រាវរបស់ខ្លួនបន្តទៀតផងដែរ៕