(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងថ្មីមួយ ស្ដីពីកាលបរិច្ឆេទបញ្ជូនរបាយការណ៍ ព័ត៌មានគណនីជនជាតិអាមេរិក ដែលត្រូវរាយការណ៍ (U.S. Reportable Accounts) សម្រាប់ឆ្នាំប្រតិទិន២០១៩ របស់ធនាគារ សហគ្រាសធានារ៉ាប់រង និងគ្រឹះស្ថានហិរញ្ញវត្ថុ។
សេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News បាននៅថ្ងៃនេះបានបញ្ជាក់ថា «ដើម្បីធ្វើឱ្យប្រសើរឡើង នូវអនុលោមភាពពន្ធអន្តរជាតិ និងអនុវត្តច្បាប់ ស្ដីពីអនុលោមភាពពន្ធ ចំពោះគណនីក្រៅប្រទេសរបស់អាមេរិក (FATCA) ឱ្យបានជ្រាបថា យោងតាមប្រកាសលេខ ១៤៥៩ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ស្ដីពីការអនុវត្តកិច្ចព្រមព្រៀង FATCA ធនាគារ សហគ្រាសធានារ៉ាប់រង និងគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ ត្រូវបញ្ជូនរបាយការណ៍ព័ត៌មានគណនីជនជាតិអាម៉េរិក ដែលត្រូវរាយការណ៍សម្រាប់ឆ្នាំប្រតិទិន២០១៩ ទៅអាជ្ញាធរចំណូលផ្ទៃក្នុងសហរដ្ឋអាមេរិក (U.S. Internal Revenue Service-IRS) តាមរយៈអគ្គនាយកដ្ឋានពន្ធដារ ឱ្យបានត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ជាកំហិត»។
អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា ក្នុងករណីមានកំហុស និងហួសកាលកំណត់ ធនាគារ សហគ្រាសធានារ៉ាប់រង និងគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ដែល ស្ថិតនៅក្រោមកាតព្វកិច្ចរាយការណ៍អនុលោមតាមកិច្ចព្រមព្រៀង FATCA ត្រូវទទួលខុសត្រូវដោយខ្លួនឯង ចំពោះការពិន័យ នានាអនុលោមតាមកិច្ចព្រមព្រៀងនិងប្រកាសនេះ៕