(ភ្នំពេញ)៖ លោក Park Ro-byug អគ្គលេខាធិការសន្និសីទអន្តរជាតិ នៃបណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAPP) បានផ្ញើលិខិតជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមគ្រួសារចំពោះមរណភាព អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ម្តាយក្មេករបស់សម្តេចតេជោ។
តាមលិខិតរបស់អគ្គលេខាធិការ ICAPP ដែលបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ បានបញ្ជាក់យ៉ាងដូច្នេះថា
«ខ្ញុំមានសេចក្ដីសោកស្ដាយយ៉ាងក្រៃលែង ដោយទទួលបានដំណឹងយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាព របស់ម្ដាយក្មេករបស់សម្ដេច អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី។ តាងនាមឱ្យលេខាធិការដ្ឋាននៃសន្និសីទអន្តរជាតិ នៃបណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAPP) ខ្ញុំបាទសូមចូលរួមនូវមរណទុក្ខដ៏ក្រៀមក្រំនេះ ចំពោះ សម្ដេចតេជោ និងក្រុមគ្រួសារ។
មរតករបស់ ព្រឹទ្ធមហាឧបាសិកា ក្នុងនាមជាពុទ្ធសាសនិកជនមួយរូប ដែលបានស្វែងរកសេចក្ដីសុខុដុម និងមានចិត្តសប្បុរសនៅក្នុងប្រទេស និងជុំវិញពិភពលោក និងបានស្វះស្វែងជួយឱ្យប្រសើរឡើងនូវគុណភាព នៃជីវិតបុគ្គលដែលត្រូវការបំផុត។ ខ្ញុំមានសុទិដ្ឋិនិយមថា បារមីព្រះធម៌ព្រះពុទ្ធជាម្ចាស់ ដែលព្រឹទ្ធមហាឧបាសិកាគោរព នឹងធ្វើឱ្យទំនាក់ ទំនងរវាងគណបក្សយើងទាំងពីរ និងប្រទេសយើងទាំងពីរនឹងបន្តរឹតបន្តឹតកាន់តែស៊ីជម្រៅ»។
សូមជម្រាបថា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតា មាតាក្មេក ជីដូន បានទទួលមរណភាពនាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង២និង១២នាទី ទៀបភ្លឺ ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ៕