(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណលោក Park Ro-byug អគ្គលេខាធិការសន្និសីទអន្តរជាតិ នៃបណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAPP) ដែលបានផ្ញើសាររំលែកទុក្ខ ចំពោះមរណភាពរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ម្តាយក្មេករបស់សម្តេច។
សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែឧសភានេះ បានសរសេរយ៉ាងដូច្នេះថា «ឯកឧត្តមជាទីរាប់អាន ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លិខិតចុះថ្ងៃទី១២ ខែឧសភា របស់ឯកឧត្តម បានចូលរួមមរណទុក្ខ ក្នុងឱកាសដែលគ្រួសារយើង ខ្ញុំកំពុងមានទុក្ខក្រៀមក្រំជាទីបំផុត នូវការបាត់បង់មាតាក្មេកខ្ញុំ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញាណវិវឌ្ឍនា ប៊ុន សាងលី ។ ខ្ញុំសូមឆ្លៀតយកឱកាសនេះ ដើម្បីបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មានកិត្តិយសសហការយ៉ាងជិតស្និទ្ធ ជាមួយក្រុមគ្រួសារ ICAPP ហើយជាពិសេសជាមួយ ឯកឧត្តមផ្ទាល់ដើម្បីជំរុញផលប្រយោជន៍រួម សម្រាប់គណបក្សជាសមាជិករបស់យើង។
គណបក្សប្រជាជនកម្ពុជាមានឆន្ទៈដ៏មោះមុត ក្នុងការបន្តគាំទ្រដល់កិច្ច សហប្រតិបត្តិការស៊ីជម្រៅ និងសាមគ្គីភាពដ៏រឹងមាំ នៅក្នុងក្របខណ្ឌ ICAPP ដើម្បីជំរុញសន្តិភាព និងវិបុល ភាពរួមគ្នាទៅវិញទៅមក ក៏ដូចជាក្នុងការពង្រឹងប្រព័ន្ធពហុនិយម និងសម្ព័ន្ធភាពសកលដើម្បីឆ្លើយតបទៅ នឹងបញ្ហាសកលលោក រួមទាំងវិបត្តិរីករាលដាលនៃ COVID-19 ផងដែរ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា គណបក្សប្រជាជនកម្ពុជា និងក្រុមគ្រួសារខ្ញុំផ្ទាល់ ខ្ញុំសូមជូនពរ ឯកឧត្តម នូវ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ»។
សូមជម្រាបថា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតា មាតាក្មេក ជីដូន បានទទួលមរណភាពនាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង២និង១២នាទី ទៀបភ្លឺ ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ៕