(ភ្នំពេញ)៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹង ការលើកលែងវិញ្ញាបនបត្របញ្ជាក់សុខភាព សម្រាប់អ្នកដំណើរតាមផ្លូវអាកាស ជាជនជាតិខ្មែរ ចូលមកប្រទេសកម្ពុជា និងការបន្តអនុវត្តវិធានការរឹតបន្ដឹងការធ្វើដំណើរ។
សេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះបានបញ្ជាក់ថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល សូមជម្រាបជូនក្រុម ហ៊ុនអាកាសចរណ៍ទាំងអស់ ដែលកំពុងហោះហើរចេញ-ចូលកម្ពុជាថា៖
១៖ លើកលែងវិញ្ញាបនបត្របញ្ជាក់សុខភាព (Health Certificate) បញ្ជាក់ថា គ្មានមេរោគកូវីដ១៩ សម្រាប់អ្នកដំណើរតាមផ្លូវអាកាស ជាជនជាតិខ្មែរកាន់លិខិតឆ្លងដែនកម្ពុជាដែល ធ្វើដំណើរចូលមកកម្ពុជា។
២៖ រាល់វិធានការផ្សេងទៀត ដែលមានចែងក្នុងសេចក្ដីប្រកាសលេខ១០១ សខល ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ត្រូវស្ថិតនៅជាធរមានដដែល ដែលមានខ្លឹមសារដូចខាងក្រោមនេះ៖
* អ្នកដំណើរតាមផ្លូវអាកាស ជាជនបរទេសទាំងអស់ តម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាព (Health Certificate) ចេញដោយអាជ្ញាធរសុខាភិបាល ដែលទទួលស្គាល់ដោយរដ្ឋាភិបាល នៃប្រទេសសាម៉ី បញ្ជាក់ថាគ្មានមេរោគកូវីដ១៩ ក្នុងរយៈពេល៧២ម៉ោង និងបន្ថែមលើស ពីនេះអ្នកដំណើរតាមផ្លូវអាកាសជនបរទេស ត្រូវមានឯកសារធានារ៉ាប់រងសុខភាព (Health Insurance Documents) ក្នុងចំនួនទឹកប្រាក់យ៉ាងតិច ៥ម៉ឺនដុល្លារអាម៉េរិកក្នុងអំឡុងពេល ស្នាក់នៅកម្ពុជា និងវិធានផ្សេងៗទៀត ដែលកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា (តម្រូវការ មិនសម្រាប់មន្ត្រីនៃស្ថានតំណាងបរទេស និងអង្គការអន្តរជាតិ ដែលកាន់ទិដ្ឋាកាំរការទូត ប្រភេទ A និងទិដ្ឋាការផ្លូវការប្រភេទ B របស់កម្ពុជាឡើយ)។
* អ្នកដំណើរតាមផ្លូវអាកាសទាំងអស់ ទាំងជនជាតិខ្មែរ និងជនបរទេស ដែលធ្វើដំណើរចូល មកដល់កម្ពុជា ត្រូវបញ្ជូនទៅមណ្ឌលរង់ចាំ ដើម្បីធ្វើតេស្តបញ្ជាក់រកមេរោគកូវីដ១៩ និងរង់ចាំលទ្ធផល់ពីមន្ទីរពិសោធន៍ប៉ាស្ទ័រ។
* ក្នុងករណីមានអ្នកដំណើរណាម្នាក់ ឬច្រើន ដែលមានកូវីដ១៩ វិជ្ជាមាន រាល់អ្នកដំណើរ តាមផ្លូវអាកាសរួមជាមួយផ្សេងទៀតទាំងអស់ តម្រូវឱ្យធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅទីតាំងដែលកំណត់ ដោយគណៈកម្មការអន្តរក៏សួងប្រយុទ្ធនឹងជំងឺកូវីដ១៩។
* ក្នុងករណីអ្នកដំណើរតាមផ្លូវអាកាសទាំងអស់ មានលទ្ធផលបញ្ជាក់ពីមន្ទីរពិសោធន៍ថា កូវីដ១៩ អវិជ្ជមាននោះពុំកគាត់ត្រូវបានអនុញ្ញាត ឱ្យធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួន ក្រោមការត្រួតពិនិត្យពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីសុខាភិបាល ដោយតម្រូវឱ្យធ្វើតេស្តីបញ្ជាក់ម្ដងទៀត នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក៕