(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណ លោក Jose De Venecia ប្រធានស្ថាបនិក និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសន្និសីទអន្តរជាតិ នៃបណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAPP) និងប្រធានអង្កការអ្នកប្រជាធិបតេយ្យនិយម កណ្ដាលអន្តរជាតិ (CAPDI) ដែលបានផ្ញើសាររំលែកទុក្ខ ចំពោះមរណភាពរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ម្តាយក្មេករបស់សម្តេច។
សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែឧសភានេះ បានសរសេរយ៉ាងដូច្នេះថា «ឯកឧត្តមជាទីរាប់អាន ខ្ញុំបានទទួលនូវលិខិតចូលរួមមរណទុក្ខរបស់ឯកឧត្តម ចុះថ្ងៃទី១៥ ខែឧសភា ចូលរួមរំលែកមរណទុក្ខ ចំពោះមរណភាពម្ដាយក្មេកខ្ញុំ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី។ ខ្ញុំ និង ក្រុមគ្រួសារសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្រចំពោះ ឯកឧត្តម និងក្រុមគ្រួសារ ព្រមទាំងក្រុមគ្រួសារគណបក្សនយោបាយ ICAPP និង CAPDI របស់យើង។
ខ្ញុំសូមឆ្លៀតយកឱកាសនេះ ដើម្បីបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មានកិត្តិយសសហការយ៉ាងជិតស្និទ្ធ ជាមួយក្រុមគ្រួសារ ICAPP និង CAPDI ហើយជាពិសេសជាមួយ ឯកឧត្តមផ្ទាល់ដើម្បីជំរុញផលប្រយោជន៍រួម សម្រាប់គណបក្សជាសមាជិករបស់យើង។
គណបក្សប្រជាជនកម្ពុជាមានឆន្ទៈដ៏មោះមុតក្នុងការ បន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការស៊ីជម្រៅ និងសាមគ្គីភាពដ៏រឹងមាំ នៅក្នុងក្របខណ្ឌ ICAPP និង CAPDI ដើម្បីជំរុញសន្តិភាព និងវិបុលភាពរួមគ្នាទៅវិញទៅមក ជាងពេលណាៗទាំងអស់ យើងត្រូវពង្រឹងសាមគ្គីភាព របស់យើងទាំងពាក្យសម្ដី និងសកម្មភាពដើម្បីដោះស្រាយបញ្ហាជាសកល ដូចជាវិបត្តិរោគរាតត្បាត Covid- 19 នេះជាដើម ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា គណបក្សប្រជាជនកម្ពុជា និងក្រុមគ្រួសារខ្ញុំផ្ទាល់ ខ្ញុំសូមជូនពរ ឯកឧត្តម នូវ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ»។
សូមជម្រាបថា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតា មាតាក្មេក ជីដូន បានទទួលមរណភាពនាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង២និង១២នាទី ទៀបភ្លឺ ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ៕