(ភ្នំពេញ)៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះថា ចាប់តាំងពីមានវិធានការរឹតបន្តឹងការចេញចូលតាមច្រកព្រំដែន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ភាគីវៀតណាមបានបោះតង់យោធាចំនួន ៨៣ទីតាំង នៅជាប់ព្រំដែនខេត្តតាកែវ នៅក្នុងទឹកដីភាគីវៀតណាម ដែលស្ថិតនៅចម្ងាយប៉ុន្មាន ៣០ម៉ែត្រពីបង្គោលព្រំដែន។
បើតាមលោកអភិបាលខេត្តតាកែវ រហូតមកដល់ពេលនេះ អាជ្ញាធរខេត្តជាប់ព្រំដែនប្រទេសទាំងពីរ បានកំពុងតាមដានលើបញ្ហានេះ ហើយភាគីកម្ពុជាបាននឹងកំពុងតាមដានដើម្បីកុំឲ្យភាគីវៀតណាម រំកិលតង់ណាមួយចូលមកទឹកដីកម្ពុជា។
សម្រាប់ករណីនេះ អភិបាលខេត្តតាកែវ បានបញ្ជាក់ថា ការបោះតង់យោធារបស់វៀតណាមនៅចំណុចនេះ ស្ថិតនៅក្នុងទឹកដីវៀតណាមប៉ុណ្ណោះ មិនបានចូលមកដីកម្ពុជាទេ ហើយព្រំដែននៅចំណុចនេះក៏មានការឯកភាពគ្នារួចហើយផងដែរ។ គោលដៅសំខាន់នៃការបោះតង់យោធារបស់វៀតណាមនៅចំណុចនេះ ដើម្បីទប់ស្កាត់ការរតាមរយៈការឆ្លងដែនខុសច្បាប់ប៉ុណ្ណោះ។
សូមបញ្ជាក់ថា សម្រាប់ពេលនឹងវិធានការរឹតបន្តឹងការឆ្លងដែន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ភាគីវៀតណាមក៏បានបោះតង់យោធាចំនួន ៣១កន្លែង នៅជាប់ព្រំដែនស្រុកលើកដែក នៅស្រុកកោះធំ ខេត្តកណ្ដាលផងដែរ នៅចំណុចនេះភាគីទាំងពីរមិនទាន់មានការឯកភាពគ្នាលើខ្សែបន្ទាត់ព្រំដែននៅឡើយទេ។
ទោះជាយ៉ាងនេះក្តី បន្ទាប់ពីមានការស្នើពីភាគីកម្ពុជា រហូតមកដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ គេវៀតណាមបានរុះរើទីតាំងចំនួន ៩កន្លែងចេញផងដែរ៕