(ភ្នំពេញ)៖ អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ បានអះអាងថា តង់យោធារបស់វៀតណាម ដែលបោះនៅតំបន់ព្រំដែន ប្រឈមជាមួយកម្ពុជា បានរុះរើចេញចំនួន៩តង់ហើយ ក្នុងចំណោមតង់ទាំងអស់ចំនួន៣១តង់។ លោកថា នៅសល់ប៉ុន្មានទៀត វៀតណាមនឹងរុះរើក្រោយជំងឺកូវីដ១៩ ស្ងប់ស្ងាត់។
ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅបន្ដរបស់រដ្ឋបាលខេត្តកណ្ដាល» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក គង់ សោភ័ណ្ឌ បានគូសបញ្ជាក់ថា យោងតាមការសួរនាំទៅភាគីវៀតណាម កាលដែលគេមកបោះតង់នៅតំបន់ព្រំដែននេះ គឺដើម្បីចូលរួមទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ និងក្នុងគោលដៅការពារជំងឺកូវីដ១៩ប៉ុណ្ណោះ។
អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បានថ្លែងយ៉ាងដូច្នេះថា «ការដាក់តង់នេះ ដោយសារការព្រួយបារម្ភនៃការរីករាលដាលជំងឺកូវីដ គេអះអាងថា បើមិនដាក់តង់ពិនិត្យទេ អាចនឹងមានការលួចចេញចូល [...] តង់ចំនួន៩ ដែលនៅគៀកផ្លូវយើងដើរ បានរើចេញទៅវិញអស់ហើយ ដោយឡែក តង់២២ទៀត គឺនៅឆ្ងាយ។ តំបន់នេះយើងអត់និយាយច្រើនទេ ព្រោះយើងការពារ»។
លោក គង់ សោភ័ណ្ឌ បានអះអាងថា ការងារទៅមុខទៀត រដ្ឋបាលខេត្តកណ្ដាលដែលជាខេត្តសាម៉ី មិនបណ្ដែតបណ្ដោយទេ គឺនៅបន្ដឃ្លាំមើលទៀតដោយធ្វើមេចតម្រូវឲ្យភាគីវៀតណាម គោរពតាមស្មារតីដែលបានព្រមព្រៀងគ្នា។ រហូតមកដល់ពេលនេះ រដ្ឋបាលខេត្តមិននៅស្ងៀមនោះទេ គឺបានរាយការណ៍ជាប់ជាប្រចាំមកក្រសួងការបរទេស, ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការព្រំដែនជាប់ជាប្រចាំ។
អភិបាលខេត្តកណ្ដាល បានសង្កត់ធ្ងន់ទៀតថា តង់យោធារបស់វៀតណាម ដែលនៅសល់២២ទៀតនោះ គឺស្ថិតនៅតំបន់ដែលប្រជាពលរដ្ឋវៀតណាមរស់នៅ ហើយភាគីវៀតណាមអះអាងថា ក្រោយជំងឺកូវីដ១៩ ស្ងប់ស្ងាត់វៀតណាមនឹងដកតង់ទាំងអស់នេះចេញ ប៉ុន្ដែកម្ពុជានៅរក្សាជំហរចង់ឲ្យវៀតណាមរើចេញកាន់តែឆាប់កាន់តែល្អ៕