(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន ក្នុងនាមជាភ្នែកច្រមុះរបស់សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីកម្ពុជា ដែលជាប្រធានសមាគមអតីតយុទ្ធជននោះ បានធ្វើដំណើរចុះជាប់ជានិច្ចទៅកាន់លំនៅឋានរបស់អតីតយុទ្ធជន ដើម្បីស្វែងពីទុក្ខលំបាក និងជំរុញការលើកកម្ពស់ជីវភាពរបស់អតីតយុទ្ធជន។
នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ លោកទេសរដ្ឋមន្ត្រី គន់ គីម រួមដំណើរជាមួយក្រុមការងារ បានធ្វើដំណើរទៅកាន់ភូមិអភិវឌ្ឍអតីតយុទ្ធជនបាត់ថ្កៅ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដើម្បីជួយសំណេះសំណាល សួរសុខទុក្ខ ក៏ដូចជាពិនិត្យពីការដាំដុះ បង្កបង្កើនផលរបស់អតីតយុទ្ធជន។
អតីតយុទ្ធជន និងក្រុមគ្រួសារប្រមាណ ៣០០គ្រួសារ ដែលកំពុងរស់នៅភូមិអភិវឌ្ឍនេះ បាននិងកំពុងរស់នៅជាមួយជីវភាពសមរម្យក្រោមការជួយជ្រោមជ្រែង និងយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល។ ក្រៅពីប្រាក់គោលនយោបាយដែលរាជរដ្ឋាភិបាលបានផ្តល់ជូនជារៀងរាល់ខែហើយនោះ អតីតយុទ្ធជន និងក្រុមគ្រួសារ បានប្រឹងប្រែងក្នុងការបង្កបង្កើនផលដាំដុះបន្លែបង្កា និងចិញ្ចឹមសត្វជាដើម ដើម្បីរកចំណូលបន្ថែមទ្រទ្រង់ដល់ជីវភាព។
ការឈានចូលមកដល់នៃរដូវវស្សាឆ្នាំអតីតយុទ្ធជន និងក្រុមគ្រួសារ បាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្មក្នុងការដាំដុះបន្លែបង្កា និងដំណាំផ្សេងៗលើផ្ទៃដី ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន។
លោកទេសរដ្ឋមន្ត្រី គន់ គីម ក្នុងដំណើរចុះសួរសុខទុក្ខអតីតយុទ្ធជននៅថ្ងៃនេះ បានបង្ហាក្តីរីករាយដោយបានឃើញអតីតយុទ្ធជនខិតខំប្រឹងប្រែងក្នុងការបង្កបង្កើនផល និងចិញ្ចឹមសត្វជាដើម ដើម្បីទ្រទ្រង់ជីវភាពរបស់ពួកគេ។
លោក គន់ គីម បានថ្លែងថា ជីវភាពរបស់អតីតយុទ្ធជនមានភាពល្អប្រសើរច្រើន តាមរយៈកិច្ចខិតខំប្រឹងប្រែងព្យាយាមរបស់ពួកគាត់ ក៏ដូចជាការជួយយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល។ ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំបំពេញភារកិច្ចយ៉ាងសកម្ម និងដោយស្ម័គ្រចិត្តរបស់ឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន នាយរងសេនាធិការចម្រុះ សមាជិកគណ:កម្មាធិការកណ្តាលសមាគមអតីយុទ្ធជនកម្ពុជា ទទួលជួយការងារអតីតយុទ្ធជនទិសយោធភូមិភាគទី៤ និងភូមិភាគទី៥, លោក ម៉ែន លី ប្រធានសមាគមអតីតយុទ្ធជនខេត្ត បានយកចិត្តទុកដាក់មើលថែរក្សាអតីតយុទ្ធជនបានល្អ ធ្វើឱ្យការងារសមាគមមានសន្ទុះវិវឌ្ឍន៍គួរឲ្យកត់សម្គាល់។ ជាពិសេសតាមរយៈការចុះជួបសំណេះសំណាល ជាបន្តបន្ទាប់កន្លងមក បានធ្វើឱ្យសមាជិកសមាគមទាំងអស់សប្បាយរីករាយ ហើយយោគយល់ ចំពោះការលំបាក ខ្វះខាតរបស់សមាគម។
បើទោះបីយ៉ាងណាលោកទេសរដ្ឋមន្រ្តី គន់ គីម បានណែនាំឱ្យគណៈកម្មការ សមាគមអតីត យុទ្ធជនខេត្ត គ្រប់គ្រងដីសម្បទានសង្គមកិច្ចរដ្ឋនៅតាមគោលដៅឱ្យបានល្អ ការពារកុំឱ្យមានការរំលោភបំពាន បន្តខិតខំចុះជួបសំណេះសំណាលជាមួយសមាជិកអតីតយុទ្ធជន ក្តាប់ឱ្យបានពីជីវភាពរស់នៅរបស់សមាជិក និងមានវិធានការជួយ ដោះស្រាយរាល់ការលំបាករបស់ពួកគាត់ ជាពិសេសនៅពេលឈឺស្កាត់យប់ព្រលប់។
លោកទេសរដ្ឋមន្ត្រី ក៏បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ឱ្យបន្តយកចិត្តទុកដាក់ជួយដោះស្រាយការលំបាក បញ្ហាប្រឈមទាំងឡាយរបស់អតីតយុទ្ធជន។ ជាពិសេសត្រូវប្រឹងប្រែងជួយគាំទ្រដល់ការដាំដុះ និងការចិញ្ចឹមសត្វរបស់អតីតយុទ្ធជន ដើម្បីលើកកម្ពស់ជីវភាពរបស់អតីតយុទ្ធជនឱ្យកាន់តែប្រសើរ៕