(កំពង់ចាម)៖ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានក្រើនរំលឹកដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ឱ្យបន្តយុទ្ធនាការផ្សព្វផ្សាយ តាមការណែនាំរបស់ក្រសួងសុខាភិបាល ពីវិធានការការពារ ទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរៀងៗខ្លួន។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានរំឮកអំពីបទពិសោធន៍នៅក្នុងយុទ្ធនាការបង្ការ ការពារ ទប់ស្កាត់ជំងឺកូវីដ-១៩ រលកទី១ ដោយក្នុងនោះខេត្តកំពង់ចាម មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១៦នាក់ ហើយត្រូវបានព្យាបាលជាទាំងស្រុង។

ប៉ុន្តែយ៉ាងណាក៏ដោយលោក អ៊ុន ចាន់ដា នៅតែក្រើនរំឮកដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ឱ្យបន្តការផ្សព្វផ្សាយដោយការចាក់ផ្សាយតាមឃោសនាស័ព្ទ និងឧបករណ៍បំពងសំឡេង ទៅដល់គ្រប់ទីកន្លែងបេីទោះបីជាជំងឺជំងឺកូវីដ១៩ នៅកម្ពុជា មានការស្ងប់ស្ងាត់ក៏ដោយ និងបន្តការគ្រប់គ្រងលេីពលករមកពីក្រៅប្រទេសដូចជា ប្រទេសថៃ ឬប្រទេសកូរ៉េ ជាដើម។

ទន្ទឹមនឹងនោះលោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់មន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបន្តពិនិត្យមើល លេីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដើម្បីឱ្យអាជ្ញាធរខេត្តបានដឹង និងធ្វើការជួយសង្គ្រោះដល់ពួកគាត់បានទាន់ពេលវេលាផងដែរ៕