(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានទទួលថវិកាជាង ៣០ម៉ឺនដុល្លារ ពីសប្បុរជនគ្រប់ទិសទី ដើម្បីឆ្លើយតប ក្នុងឱកាសរំលឹកខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០។
ពិធីប្រគល់ និងទទួលថវិកាមនុស្សធម៌នេះ បានធ្វើឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ នៅសាលប្រជុំខេត្តរវាងលោក ជាវ តាយ និងសប្បុរសជននានា នៅជុំវិញខេត្តយ៉ាងច្រើនផងដែរ។
ក្នុងឱកាសនោះលោក ជាវ តាយ បានថ្លែងថា ការកៀរគរមូលនិធិដោយស្ម័គ្រចិត្តសម្រាប់ទ្រទ្រង់ការងារមនុស្សធម៌ របស់សាខាកាកបាទក្រហមខេត្តកំពតឆ្នាំនេះ មានការធ្លាក់ចុះដោយសារ វិបត្តិកកូវីដ-១៩។ ការកៀរគរថវិកាមិនត្រូវបានធ្វើដោយបើកទូលាយនៅគ្រប់មជ្ឈដ្ឋានដូចរាល់ឆ្នាំនោះទេ ដើម្បីចៀសវាងបាតុភាពអសកម្មនានា។
លោកអភិបាលខេត្ត បានបញ្ជាក់ថា គិតមកត្រឹមពេលនេះ សាខាកាកបាទក្រហមប្រមូលថវិកាលើកទី១ សរុបចំនួន ៣៥ម៉ឺនដុល្លារ ខណៈដែលការប្រមូលថវិកាមូលនិធិដោយស្ម័គ្រចិត្តលើកទី២ និងទី៣ និងត្រូវបូកសរុបនៅដើមខែក្រោយ។ លោកអភិបាលខេត្តបន្តថា ពីពេលនេះនឹងខិតខំធ្វើយ៉ាងណា កៀរគរថវិកាឱ្យបានយ៉ាងតិច ៤០ម៉ឺនដុល្លារ។
លោក ជាវ តាយ ក៏បានស្នើឱ្យក្រុមប្រតិបត្តិរាយការណ៍ទៅថ្នាក់កណ្តាលបណ្តើរៗ ដោយយកឈ្មោះសប្បុរសជន និងចំនួនថវិកា ដើម្បីធ្វើបណ្ណថ្លែងអំណរគុណពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ទោះបីប្រទេសកំពុងស្ថិតនៅក្នុងអន្តរកាលវិបត្តិកូវីដ១៩ក្កី ក៏សប្បុរសជន មន្ត្រីរាជការ ថ្នាក់ដឹកនាំជុំវិញខេត្តនៅតែមានស្មារតីចូលរួម ចែករំលែកថវិការរបស់ខ្លួន ជាមួយនឹងសាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីយកទៅបំពេញបេសកកម្មមនុស្សធម៌ ហើយលោកអភិបាលខេត្ត បានឆ្លៀតឱកាសថ្លែងអំណរគុណដល់សប្បរសជនជនខាងលើផងដែរ។ ស្របជាមួយគ្នានេះ លោកអភិបាលខេត្តនឹងរំពឹងទុកបន្តធ្វើការកៀរគរថវិការដោយស្ម័គ្រចិត្តឱ្យបានច្រើនជាង ៤០ម៉ឺនដុល្លារ នៅឆ្នាំ២០២០នេះ។
សូមបញ្ជាក់ថា តាមរបាយការណ៍របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត នៅឆ្នាំ២០១៩ បានកៀរគរមូលនិធិ ដើម្បីទ្រទ្រង់ការងារមនុស្សធម៌បាន ៦១ម៉ឺនដុល្លា៕