(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអំពាវនាវជាថ្មីដល់គ្រប់ ប្រព័ន្ធផ្សព្វផ្សាយទាំងអស់នៅកម្ពុជា រួមទាំងវិទ្យុ ទូរទស្សន៍រដ្ឋ និងឯកជនទាំងអស់ បន្ដផ្សព្វផ្សាយឲ្យបានទូលំទូលាយ ពីការការពារកុមារពីអំពើហិង្សា និងពលកម្មកុមារគ្រប់រូបភាព។
ការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ ធ្វើឡើងក្នុងសារលិខិតអបអរសារទរខួបលើទី៧១ ទិវាកុមារអន្ដរជាតិ១មិថុនា ខួបលើកទី១៩ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២០។
សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវយ៉ាងដូច្នេះថា «ក្នុងស្មារតីដើម្បីចូលរួមចំណែកគាំទ្រខួបលើទី៧១ ទិវាកុមារអន្ដរជាតិ១មិថុនាខួបលើកទី១៩ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២០ ខ្ញុំសូមអំពាវនាវដល់គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍របស់រដ្ឋ និងឯកជន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គមនានា បន្ដជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយ អំពីការការពារកុមារពីអំពើហិង្សា និងពលកម្មកុមារគ្រប់រូបភាព ពិសេសពង្រឹងគុណភាពនៃ ការផលិតកម្មវិធីសម្រាប់កុមារ ប្រកបដោយខ្លឹមសារអប់រំ ដើម្បីបង្ការទប់ស្កាត់កុំឲ្យកុមារក្លាយជាជនរងគ្រោះ»។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញពីការអបអរសារទរ យ៉ាងពេញទំហឹងចំពោះការប្រារព្ធទិវាដ៏មានសារៈសំខាន់នេះឡើង។ ការប្រារព្ធទិវាដ៏មានអត្ថន័យនេះ គឺបង្ហាញពីឆន្ទៈមោះមុត និងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបន្ដលើកកម្ពស់ការអនុវត្តសិទ្ធិកុមារ និងសូមលើកទឹកចិត្តដល់បងប្អូនជនរួមជាតិ រួមគ្នាបន្ដលើកស្ទួយវិស័យសុខុមាលភាពកុមារ ឲ្យកាន់តែល្អប្រសើរ ដើម្បីឧត្តមប្រយោជន៍របស់កុមារនៅកម្ពុជា។
ក្នុងស្មារតីដើម្បីចូលរួមចំណែកគាំទ្រខួបលើទី៧១ ទិវាកុមារអន្ដរជាតិ១មិថុនា ខួបលើកទី១៩ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២០ ក្នុងពេលដែលមានការរាតត្បាតនៃជំងឺកូវីដ១៩នេះ សម្ដេចតេជោ ហ៊ុន សែន បាននូវចំណុចសំខាន់ៗដូចជា៖
១៖ ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវបន្ដអនុវត្តសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានម៉ឺងម៉ាតធ្វើយ៉ាងណាទប់ស្កាត់ កុំឲ្យមានការឆ្លងដល់កុមារគ្រប់រូប នៅគ្រប់ទីកន្លែង ពិសេសកុមារមានពិការភាព កុមាររស់នៅក្នុងគ្រួសារក្រីក្រ កុមាររស់នៅក្នុងកន្លែងថែទាំជំនួស និងកុមារកំពុងរស់នៅក្នុងកន្លែងឃុំឃាំងទាំងអស់។
២៖ ក្រសួងស្ថាប័នទាំងអស់ត្រូវប្រឹងប្រែង រកលទ្ធផលក្នុងការធ្វើយ៉ាងណាឲ្យកុមារគ្រប់រូប គ្រប់ទីកន្លែងទាំងអស់ ជាពិសេសកុមាររស់នៅក្នុងគ្រួសារក្រីក្រ ទទួលបានសេវាអប់រំ អនាម័យ និងទឹកស្អាតស្មើៗគ្នា ក្នុងកំឡុងពេលមានការរាតត្បាតនៃជំងឺកូវីដ១៩នេះ។
៣៖ រាល់វិធានការដែលបានដាក់ចេញដោយក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីបង្ការជំងឺកូវីដ១៩នេះ ត្រូវគិតទៅដល់ឧត្តមប្រយោជន៍ របស់កុមារគ្រប់រូបជាចម្បង ពិសេសកុមាររស់នៅក្នុងកន្លែងថែទាំងជំនួស និងកុមារកំពុងរស់នៅក្នុងកន្លែងឃុំឃាំងទាំងអស់ ត្រូវយកចិត្តទុកដាក់លើការគាំទ្រសុខភាពផ្លូវចិត្ត និងផ្លូវការរបស់កុមារ ដែលទទួលរងផលប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលពីជំងឺកូវីដ១៩ និងត្រូវបានអនុញ្ញាតឲ្យកុមារចូលរួម ក្នុងសេចក្ដីសម្រេចចិត្តទាំងឡាយដែលប៉ះពាល់ដល់កុមារ។
៤៖ ក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន សហគមន៍ និងពលរដ្ឋគ្រប់រូបត្រូវបន្ដចូលរួមអនុវត្ត គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ពិសេសចាត់វិធានការការពារកុមារពី អំពើលហិង្សាគ្រប់រូបភាព អប់រំកុមារពីរបៀបការពារខ្លួនប្រឆាំងនឹងការរំលោភបំពាន និងការបៀតបៀនផ្លូវភេទតាមគ្រប់រូបភាព ការសម្លុតគម្រាមគំហែងគ្រប់បែបយ៉ាង ឲ្យជៀសឆ្ងាយពីគ្រឿងញៀន និងត្រូវធ្វើឲ្យកុមារអាចយល់ដឹង ពីវិធីរាយការណ៍ដល់អាជ្ញាធរ ឬមនុស្សពេញវ័យអំពីការំលោភបំពានតាមគ្រប់រូបភាព។
៥៖ ក្រសួងស្ថាប័នត្រូវបន្ដអនុវត្តសញ្ញាស្នូលនៃ អង្គការអន្ដរជាតិខាងការងារ ដើម្បីលុបបំបាត់គ្រប់ទម្រង់នៃពលកម្មកុមារ លើកកម្ពស់ការយល់ដឹង បណ្ដុះបណ្ដាល និងផ្សព្វផ្សាយអំពីការប្រើប្រាស់ពលកម្មកុមារគ្រប់សកម្មភាពសេដ្ឋកិច្ច និងពង្រឹងវិធានការអធិការកិច្ចពលកម្មកុមារ ព្រមទាំងកៀងគរធនធាន និងចលនាសាធារជន ក្នុងការស្វែងរកដំណោះស្រាយសមស្រប ដើម្បីជួយសង្គ្រោះពលកម្មកុមារ៕