(ភ្នំពេញ)៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធម៌ ដោយរថយន្តដឹកខ្សាច់បុកហើយ កិនពីលើនៅក្នុងបរិវេណបូមខ្សាច់ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ នៅចំណុចការដ្ឋានបូមខ្សាច់ «ងួន ទីឡុង» តាមផ្លូវថៃហ្គ័រ ខាងកើតស្ពានព្រែកសំរោង ស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះបានដើរ ក្នុងបរិវេនកន្លែងបូមខ្សាច់មើលរថយន្តបែនកាយដឹកខ្សាច់ ស្រាប់មានរថយន្តរបស់ការដ្ឋានពណ៌ក្រហម ពាក់ស្លាកលេខស្វាយរៀង ៣A-២១៨៨ ថយក្រោយចូលដឹកខ្សាច់បបុកបុរសជនរងគ្រោះតែម្តង។
ជនរងគ្រោះឈ្មោះ តុក សុកា អាយុ៣០ឆ្នាំ ជាកម្មករនៅការក្នុងដ្ឋានបូមខ្សាច់ ស្នាក់នៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល រស់នៅជាមួយប្រពន្ធ ក្រោយកើតហេតុ បុរសអ្នកបើករថយន្តបង្កបើកទ្វាររថយន្តរត់គេចខ្លួនបាត់ស្រមោល។
នគរបាលបានបញ្ជាក់ថា ករណីនេះពិតជាមានករណីគ្រោះថ្នាក់ចរាចរណ៍ពិតមែន គឺរថយន្តបង្កហេតុបែនដឹកខ្សាច់ ក្នុងការដ្ឋានបុកកិនបុរសជាកម្មករស្លាប់ ហើយបុរសអ្នកបើករថយន្តបង្ករត់គេចខ្លួន បាត់ស្រមោល ដោយបន្សល់ទុកជនរងគ្រោះ។
ក្រោយកើតហេតុនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការរាជធានីភ្នំពេញ យករថយន្តបង្កមករក្សាទុកជាបណ្ដោះអាសន្ន ដោឡែកសពត្រូវប្រគល់ឱ្យក្រុមគ្រួសារយកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕