(ព្រៃវែង)៖ ក្រុមសង្គ្រោះបន្ទាន់៧១១ នៃកងពលតូចលេខ៧០ សហការជាមួយអាជ្ញាធរខេត្ត និងមន្ទីរសុខាភិបាលខេត្តព្រៃវែង នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ បានបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ នៅតាមគោលដៅសំខាន់ៗជាច្រើនកន្លែងនៅក្នុងខេត្តព្រៃវែង ដែលកម្មវិធីនេះមានការសម្របសម្រួលពីវេទិការសម្ពន្ធសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្ត្រី។
លោក ចាន់ ថា អភិបាលរងខេត្តព្រៃវែង បានថ្លែងថា មកដល់ពេលនេះនៅទូទាំងខេត្តព្រៃវែងមានមណ្ឌលចត្តាឡីស័កទាំងអស់ចំនួន ១៤កន្លែង ហើយគិតពីដើមខែមេសា ឆ្នាំ២០២០ រហូតមកដល់ពេលនេះ ខេត្តព្រៃវែងមានពលករចំណាកស្រុកក្រៅប្រទេសបានវិលត្រឡប់មកដល់ខេត្តចំនួនជាង ៧ពាន់នាក់ និងពលករចំណាកស្រុកក្នុងប្រទេសបានវិលត្រឡប់មកវិញចំនួនជាង ៩ម៉ឺននាក់ ហើយក្នុងចំណោមពលករទាំងអស់នោះ គឺពុំមាននរណាម្នាក់បានឆ្លង ឬកើតជំងឺកូវីដ១៩នោះទេ។
លោក ស៊ីម វុទ្ធា អគ្គលេខាធិការរងវេទិកាសម្ពន្ធសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងថា យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណង ដើម្បីការពារប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង កុំឱ្យឆ្លងឬកើតមានជំងឺកូវីដ១៩ ក៏ដូចជាបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល មកលើសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
លោក ស៊ីម វុទ្ធា បានបញ្ជាក់ថា គោលដៅសំខាន់ៗដែលក្រុមសង្គ្រោះបន្ទាន់៧១១ និងមន្ទីរសុខាភិបាលខេត្តព្រៃវែងបានសហការគ្នាចុះបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩នោះ រួមមាន៖ សាលប្រជុំសាលាខេត្តព្រៃវែង ផ្ទះគ្រូបង្រៀនខេត្ត មណ្ឌលចត្តាឡីស័កកំពង់លាវ ផ្សារក្រុងព្រៃវែង និងផ្សារស្វាយអន្ទរជាដើម៕