(សៀមរាប)៖ ក្នុងឱកាសដឹកនាំគណៈប្រតិភូចុះពិនិត្យគម្រោងជួសជុលធ្វើឱ្យប្រសើរឡើងផ្លូវ ជាតិលេខ៦ ពីរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ដល់ស្រុកក្រឡាញ់ ក្នុងខេត្តសៀមរាប នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ខេត្តសៀមរាបនឹងធ្វើផ្លូវវាងក្រុងថ្មីមួយទៀតក្នុងពេលឆាប់ៗនេះ។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីចូលរួមក្នុងការកាត់បន្ថយការកកស្ទះក្នុងក្រុងសៀមរាប និងជួយសម្រួលចររាចរណ៍ក្នុងការដឹកជញ្ជូនទំនិញឱ្យកាន់តែមានភាពងាយស្រួល ខេត្តសៀបរាបនិងធ្វើផ្លូវក្រវាត់ក្រុងថ្មីមួយទៀតមួយ ដែលជាប្រាក់កម្ចីមកពីប្រទេសកូរ៉េ ហើយពេលបច្ចុប្បន្ននេះលោកនិងក្រុមការងារកំពុងតែសិក្សាពីគម្រោងផ្លូវនេះហើយ។
បន្ថែមពីនោះទៀតលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ដែរថា សម្រាប់ដំណើរការជួសជុលផ្លូវ ជាតិលេខ៦ ពីរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ស្រុកពួក ដល់ស្រុកក្រឡាញ់នេះ សាងសង់រួចរាល់បានជាង ៩០ភាគរយហើយ ជាមួយនឹងការសាងសង់បានត្រឹមត្រូវបានស្តង់ដារកំណត់របស់ក្រសួង។
លោកទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា នៅថ្ងៃស្អែកនេះក្រសួងនិងបើកកញ្ចប់ដេញថ្លៃ២គម្រោងបន្ថែមទៀត ដើម្បីបន្តឱ្យដល់ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរបន្ថែមទៀត។ ជាមួយគ្នានោះដែរលោកក៏បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចររាចរណ៍ និងចូលថែរក្សាទ្រព្យសម្បត្តិរបស់ជាតិទាំងអស់គ្នាផងដែរ។
សូមបញ្ជាក់ថា គម្រោងជួសជុលផ្លូវ ជាតិលេខ៦ ពីរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ដល់ស្រុកក្រឡាញ់ ក្នុងខេត្តសៀមរាបនេះ មានប្រវែងសរុប ៤៩.៨៨គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាង ១០លានដុល្លារសហរដ្ឋអាមេរិក ជាប្រាក់កម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី ADB ៕