(កំពង់ចាម)៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី២៨ ខែឧសភានេះ បានសំណូមពរដល់បងប្អូនកសិករចិញ្ចឹមត្រី ចិញ្ចឹមសត្វ ដាំដុះបន្លែ រៀបចំផែនការដាំដុះ ផែនការចញ្ចឹមឱ្យបានច្បាស់លាស់ ដើម្បីធ្វើការផ្គត់ផ្គង់ក្នុងទីផ្សារអោយបានតាមតម្រូវការ និងមាននិរន្តរភាព ដើម្បីចូលរួមកាត់បន្ថយការនាំចូលពីប្រទេសជិតខាង។
ការសំណូមពររបស់លោក កៅ ថាច ធ្វើឡើងក្នុងឱកាសលោកបន្តចុះផ្សព្វផ្សាយគោលការណ៍ឥណទាន និងលក្ខខណ្ឌទទួលបានឥណទានក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ចំនួន ៥០លានដុល្លារអាមេរិក ជូនដល់បងប្អូនប្រជាសហគមន៍ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដាំដុះបន្លែ និង ផ្លែឈើ និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ក្នុងខេត្តកំពង់ចាម សរុបចំនួនប្រមាណជាង២០០នាក់។
ពិធីនេះក៏មានការអញ្ជើញចូលរួមជាអធិបតីភាពពីលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម, លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត, លោក ហាវ វិសិដ្ឋ អគ្គនាយករងរដ្ឋបាលជលផល, តំណាងអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ និងនេសាទ, តំណាងអគ្គនាយកាខភាពសត្វ និងផលិតកម្មពេទ្យសត្វ និង អភិបាលរងខេត្ត អភិបាលស្រុក និងមន្ទីរជំនាញជុំវិញខេត្ត ផងដែរ។
លោកអគ្គនាយកបន្តថា ឥណទានក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ចំនួន ៥០លានដុល្លារអាមេរិករបស់រាជរដ្ឋាភិបាលនេះ បង្កើតឡើងដើម្បីឱ្យមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្ម ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូលនៅក្នុងដំណាក់កាលដែលសេដ្ឋកិច្ចកម្ពុជាជួបប្រទះបញ្ហាប្រឈមមួយចំនួនកើតចេញពីជំងឺឆ្លង COVID-19 និងបញ្ហា EBA។
ក្នុងឱកាសនោះលោក កៅ ថាច ក៏បានផ្សព្វផ្សាយពីការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចកែសម្រួលកម្មវិធីហិរញ្ញប្បទានពិសេស៥០ លានដុល្លារ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដោយពង្រីកវិសាលភាពគ្របដណ្តប់ និងកែសម្រួលលក្ខខណ្ឌឥណទានដូចជា៖
* បន្ថយអត្រាការប្រាក់សម្រាប់កម្ចីទុនបង្វិល (Working Capital) ពី ៦% មក ៥% និង សម្រាប់ទុនវិនិយោគ ពី ៦.៥% មក៥.៥% ដោយមិនគិតកម្រៃសេវាផ្សេងៗ។
* កែសម្រួលរយៈពេលឥណទានអតិបរមាពី ៥ឆ្នាំ ទៅ៧ឆ្នាំ សម្រាប់ទុនវិនិយោគ ខណៈរក្សាទុក រយៈពេលខ្ចី អតិបរមា២ឆ្នាំ សម្រាប់ទុនបង្វិល។
* បន្តមិនអនុញ្ញាតឱ្យអតិថិជន ដែលទទួលកម្ចីនៅក្នុងកម្មវិធីពិសេសនេះ យកកម្ចីទៅប្រើប្រាស់ធ្វើ បុនហិរញ្ញប្បទាន (Refinancing)។
* ផ្តល់ភាពទន់ភ្លន់លើលក្ខខណ្ឌចុះបញ្ជី ដែលក្នុងនោះ សហគ្រាសធុនតូច និងមធ្យម ដែលមិនទាន់ចុះបញ្ជីផ្លូវការ អាចដាក់ពាក្យស្នើសុំឥណទានបាន ដោយបំពេញលក្ខខណ្ឌចុះបញ្ជីតាម ក្រោយក្នុងរយៈពេល១ខែ បន្ទាប់ពីទទួលបានឥណទាន។
* កែសម្រួលលក្ខខណ្ឌតម្រូវឲ្យ «សហគ្រាសធុនតូច និងមធ្យម បង្កើតឱកាសការងារថ្មីចាប់ពី៥នាក់ឡើងទៅ» ទៅជា »លើកទឹកចិត្តឲ្យសហគ្រាសធុនតូច និង មធ្យម ដែលទទួលបានឥណទាន ខិតខំបង្កើតឱកាសការងារថ្មី»៕